ប្រធានាធិបតីរុស្ស៉ី អះអាងថា៖ លោក​ជា​អ្នកជួយមេដឹកនាំ​ប្រឆាំង​រុស្ស៊ីដោយផ្ទាល់ ដើម្បីយកព្យាបាល​នៅ​អាល្លឺម៉ង់​

ចែករំលែក៖

អន្តរជាតិ៖ បើតាមការអះអាងរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និយាយថា លោកជាអ្នកធ្វើអន្តរាគមន៍ដោយផ្ទាល់ ដើម្បីធានាថាមេដឹកនាំប្រឆាំងរុស្ស៊ី Alexei Navalny អាចទទួលបានការព្យាបាលនៅអាល្លឺម៉ង់ បន្ទាប់ពីមេដឹកនាំប្រឆាំងរូបនេះ កាលពីថ្ងៃទី២០ខែសីហាកន្លងទៅ បានធ្លាក់ខ្លួនឈឺ និងមិនដឹងខ្លួនត្រូវបានអង្គការហាមឃាត់អាវុធគីមី (OPCW) យកសំណាកឈាមរបស់លោកពិនិត្យ និងអះអាងថា មានផ្ទុកសារធាតុគីមីដែលប៉ះពាល់ដល់ប្រព័ន្ធប្រសាទប្រភេទ Novichok នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters​

ជាក់ស្តែងថ្លែងក្នុងកិច្ចជំនួប Valdai Discussion Club លោក ពូទីន បញ្ជាក់ថា រូបលោកបានស្នើសុំឲ្យអគ្គរដ្ឋអាជ្ញារុស្ស៊ី អនុញ្ញាតឲ្យលោកAlexei Navalny ចាកចេញពីប្រទេសរុស្ស៊ីដើម្បីអាចទទួលបានការព្យាបាល តបតាមសំណើរបស់ភរិយាលោក Navalny​ក្រោយទទួលបានការថែទាំ និងដឹងខ្លួន មេដឹកនាំប្រឆាំងរូបនេះ បែបជាចោទរដ្ឋាភិបាលរុស្ស៊ីថា ជាអ្នកបំពុលរូបលោក រដ្ឋាភិបាលរុស្ស៊ីតបថា ការចោទនេះជារឿងមិនពិត និងជាការប្រមាថរដ្ឋាភិបាល

​​ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន អះអាងទៀតថា លោក Navalny ជាប់បំរាមដែលមិនអាចធ្វើដំណើរ ព្រោះលោកស្ថិតក្រោមការស៊ើបអង្កេតដោយតុលាការ និងករណីព្រហ្មទណ្ឌ លោក ពូទីន បានសង្កត់ធ្ងន់ថា«​ទោះជាយ៉ាងណាក្តីខ្ញុំបានធ្វើសំណើទៅអគ្គរដ្ឋអាជ្ញាដើម្បីទទួលបានការអនុញ្ញាត ហើយគាត់ (Navalny) បានចាកចេញពីប្រទេស​»​លោក បកស្រាយទៀតថា បើសិនជារុស្ស៊ីចង់បំពុលNavalny នោះរដ្ឋាភិបាលនឹងមិនឲ្យលោកចេញពីប្រទេសឡើយ

គួរបញ្ជាក់ផងដែរថា ការធ្លាក់ខ្លួនឈឺរបស់មេដឹកនាំប្រឆាំង Navalny ដោយសារសារធាតុគីមី បានធ្វើឲ្យបណ្តាប្រទេសលោកខាងលិចថ្កោលទោស និងរិះគន់រុស្ស៊ី ដោយចោទថា ជាអ្នកនៅពីក្រោយ ចំណែកសហភាពអឺរ៉ុប និងចក្រភពអង់គ្លេស កាលពីសប្តាហ៍កន្លងទៅ បានដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលរុស្ស៊ីចំនួនរូប ដែលរួមមានមន្ត្រីជាន់ខ្ពស់ និងអ្នកស្រាវជាវសារធាតុសារធាតុគីមីពុលនៅមន្ទីរពិសោធន៍រដ្ឋរុស្ស៊ី

ដោយឡែកជុំវិញបញ្ហានេះដែរ រដ្ឋាភិបាលរុស្ស៊ី ថ្កោលទោសការដាក់ទណ្ឌកម្មទាំងនោះដោយអះអាងថាប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី និងថា ជាការចោទប្រកាន់ដោយគ្មានអំណះអំណាងត្រឹមត្រូវ រុស្ស៊ីក៏អះអាងផងដែរថា នឹងធ្វើការសងសឹកឲ្យសមស្របវិញ

សូមជម្រាបថា លោក Alexei Navalny ជាមេដឹកនាំប្រឆាំងនៅរុស្ស៊ី ដែលតែងលើកឡើងពីអំពើពុករលួយក្រោមការដឹកនាំរបស់លោក ពូទីន លោកត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរុស្ស៊ីហាមមិនឲ្យឈរឈ្មោះបោះឆ្នោតផងដែរ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print