មន្ត្រីយោធាជិះម៉ូតូលឿនបុកគូទគោយន្តកន្រ្តៃសណ្តោងរ៉ឺម៉កពីក្រោយស្លាប់ទាំងក្បាលព្រលប់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាយោធាម្នាក់បានស្លាប់នៅនឹងកន្លែងដោយសារគ្រោះថ្នាក់ចរាចរណ៍បន្ទាប់ពីជិះម៉ូតូប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបុកគូទគោយន្តកន្រ្តៃសណ្តោងរ៉ឺម៉កពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២០ នៅលើផ្លូវលេខ៣១៦A ត្រង់ចន្លោះគីឡូម៉ែត្រលេខ១និងលេខ២ ស្ថិតក្នុងភូមិគម្ពោតលៀប សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះពុត  សាវីត  អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីកងអង្គរក្ស មានទីលំនៅភូមិព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១P-៤៣៨៦ បានខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើកគោយន្តកន្រ្តៃសណ្តោងរុឺម៉កត្រូវបានស្គាល់ឈ្មោះជួន សុឡា អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិគុម្ពោតលៀប សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាវិត។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១P-៤៣៨៦ក្នុងទិសដៅពីកើតទៅលិច

លើផ្លូវលេខ ៣១៦A ដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន ស្រាប់តែទៅបុកគោយន្តកន្រ្តៃសណ្តោងរ៉ឺម៉កក្នុងទិសដៅស្របគ្នាពីក្រោយយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

សាកសពត្រូវសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនិងវាស់វែងអូសយកវត្ថុតាងទាំង២គ្រឿងនិងឃាត់អ្នកបើកគោយន្តយកទៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីចាត់ការតាមច្បាប់ ៕ យឹម សុថាន

...

       

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print