ភ្នំពេញ៖អំណោយជាអង្ករ,មី,ត្រីខ,ទឹកត្រី, ទឹកស៊ីអុីវ និងទឹកបរិសុទ្ធរាប់រយកេសរបស់សប្បុរសជនចំនួន២ក្រុម បានប្រគល់ជូនមក
រដ្ឋបាលរាជធានីភ្នំពេញជាបន្តទៀត ដើម្បីឲ្យរដ្ឋបាលរាជធានីបានបន្តចាត់ចែងជួយទៅដល់ជនរងគ្រោះនិងជនងាយរង គ្រោះដោយទឹកជំនន់ទឹកភ្លៀងដែលបាន និងកំពុងប្រឈមរហូតមកដល់ពេលនេះ។
ពិធីប្រគល់និងទទួលខាងលើបានធ្វើឡើងនារសៀលថ្ងៃទី២៦ខែតុលានេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ។
អំណោយរួមមានសប្បុរសជនទី១ផ្តល់ជូនអង្កចំនួន១០តោន, មី៥០០កេស, ត្រីខ៥០០យួរ,ទឹកត្រី៥០០យួរ,ទឹកស៊ីអុិវ៥០០យួរ។ ចំណែកសប្បុរសជនទី២ ផ្តល់ជូនទឹកបរិសុទ្ធ៥០០០កេសផងដែរ។
ការចូលរួមផ្តល់អំណោយមនុស្សធម៌នាពេលនេះ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ស្របពេលដែលប្រជាពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញកំពុងជួបនូវគ្រោះធម្មជាតិដោយទឹកជំនន់ ដែលត្រូវការជំនួយឧបត្ថម្ភពីសប្បុរសជននានាដើម្បីសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋ។
លោកអភិបាលរាជធានីក្នុងឱកាសនោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនទាំងអស់ដែលបានផ្តាច់ពីមាត់ពីកយកអំណោយជាអង្ករ,មី,ត្រីខ,ទឹកត្រី ទឹកស៊ីអុីវ និងទឹកបរិសុទ្ធប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ សម្រាប់ជួយសង្រ្គោះដល់ប្រជាពលរដ្ឋរងគ្រោះបានទាន់ពេលវេលា ក្នុងគ្រាដ៏លំបាកនេះ ហើយលោកសន្យាថា រាល់អំណោយរបស់សប្បុរសជនទាំងអស់ នឹងនាំយកទៅចែកជូនដល់ដៃប្រជាពលរដ្ឋរងគ្រោះពិតប្រាកដ ហើយបើនៅសេសសល់នឹងយកទៅជួយដល់ប្រជាពលរដ្ឋក្រីក្រនៅតាមមូលដ្ឋានដោយមិនធ្វើឱ្យម្ចាស់អំណោយខកបំណងឡើយ៕ ដោយ៖សំរិត
លោក ឃួង ស្រេង បន្ដទទួលអំណោយ សប្បុរសជនដើម្បីបន្តចាត់ចែងជួយដល់ជនរងគ្រោះនិងជនងាយរងគ្រោះដោយជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញ
...