ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែ៊ល បានផ្សាយថា ក្រុមចារកិច្ចរបស់ប្រទេសនេះបានទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩របស់ចិនដែលធ្វើតេស្តទទួលបានជោគជ័យដើម្បីយកទៅស្រាវជ្រាវ។
តាមសារព័ត៌មានChannel 12 និង Jerusalem Post បានផ្សាយថា កាលពីសប្តាហ៍កន្លងមក ក្រុមចារកិច្ចជាតិអ៊ីស្រាអែ៊លមានឈ្មោះថា(Mossad) បានទិញវ៉ាក់សាំង កូវីដ១៩ របស់ចិន និងវ៉ាក់សាំង ពីប្រទេសផ្សេងៗទៀត ក្នុងគោលដៅបំពេញតាមការស្រាវជ្រាវរបស់ខ្លួន។
មន្ត្រីចារកិច្ចអ៊ីស្រាអែលបាននិយាយទៅកាន់ សារព័ត៌មាន Jerusalem Post ថា «រដ្ឋាភិបាលបានខិតខំតាមរយៈកិច្ចការបរទេស ដោយស្ងាត់ៗ។ យើងខ្ញុំខិតខំដើម្បីធានាដល់ពលរដ្ឋអ៊ីស្រាអែលបានវ៉ាក់សាំងប្រឆាំងកូវីដ១៩ ឲ្យបានឆាប់បំផុត»។
នៅពេលនេះ ប្រទេសជាច្រើន ក៏ដូចជាក្រុមហ៊ុនជាច្រើនបាន ប្រកួតប្រែងគ្នា ក្នុងការអភិវឌ្ឍន៍ វ៉ាក់សាំង ប្រឆាំងកូវីដ១៩។ ក្រុមហ៊ុនផលិតវ៉ាក់សាំងជាច្រើន រងការវាយប្រហារ តាមបណ្តាញ ឬត្រូវក្រុមហែកឃឺវាយលុក លួចឯកសារជាដើម។
កាលពីថ្ងៃទី២៥ខែតុលា មជ្ឈមណ្ឌលស្រាវជ្រាវជីវសាស្ត្រ អ៊ីស្រាអែល បានប្រកាសថា បានចាប់ផ្តើមសាកល្បង វ៉ាក់សាំង Brilife លើមនុស្សជាលើកដំបូងនៅសប្តាហ៍ក្រោយនេះ វ៉ាក់សាំងនោះត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតឲ្យសាកល្បងលើមនុស្ស ៕