ភ្នំពេញ៖ មុខសញ្ញាចាស់ម្នាក់ធ្លាប់ជាប់ពន្ធនាគារជាច្រើនលើកមកហើយ ពេលនេះបានធ្វើសកម្មភាពកាច់កម៉ូតូដោយមានប្រើកាំភ្លើងខ្លីផងនោះ ពេលនេះត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវបង្ក្រាបបានជាក់ស្ដែង បានម្នាក់ទៀតដែលកន្លងមកជនសង្ស័យនេះរត់គេចពីសំណាញច្បាប់។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃច័ន្ទ ១០កើត ខែកត្តិក ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ដោយចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដោយមានការសម្របសម្រួលពី លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំ
ផ្ទាល់ ដោយ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយ លោកវរសេនីយ៍ឯក ឯក លន់ អធិការនៃអធិការដ្ឋានគរបាលស្រុកមុខកំពូល ឃាត់ខ្លួនជនសង្ស័យបាននៅ ចំណុចភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ។
នគរបាលបានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ទូច ប៊ុនហាន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិពោធិ៍ស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
នគរបាលបានឲ្យដឹងថា បានបន្តឲ្យដឹងទៀតថាមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យបានសម្រេចដោយអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១៤១៦ ឈដចន ចុះថ្ងៃទី២៦.១០.២០២០ របស់ចៅក្រមស៊ើបសួរ ឯក ប៉ូលីហ្វីល អូនសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះទូច ប៊ុនហាន ហៅហុង ភេទប្រុស ពីបទលួចមានស្ថានទម្ងន់ទោស (កាច់កម៉ូតូប្រដាប់អាវុធ)។នៅវេលាម៉ោង១១និង៣០នាទីពេលដែលកម្លាំងចម្រុះ ចុះមកដល់ចំណុចផ្ទះរបស់ឈ្មោះយន ប៊ុនថុង ភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ដែលជនសង្ស័យកំពុងនៅទីនោះ ពេលនោះកម្លាំងចម្រុះបានឈប់នៅមុខផ្ទះនោះ ភ្លាមនោះជនសង្ស័យក៏បានបើករថយន្តម៉ាកLuxs RX300 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AN-5705 ដើម្បីរត់គេចខ្លួន ហើយបើករថយន្តបំបុករថយន្ត របស់លោកអធិការស្រុកមុខកំពូល ម៉ាកកាមរី បាឡែនពេលនោះសមត្ថកិច្ចយើងក៏បានបាញ់បំបែកកង់រថយន្តរបស់ជនសង្ស័យខាងក្រោយហើយក៏ផ្លាតគ្រាប់ត្រូវជនសង្ស័យ បន្ទាប់មកសមត្ថកិច្ចក៏បានបញ្ជូនជនសង្ស័យទៅព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ីរាជធានីភ្នំពេញ។
សូមបញ្ជាក់ផងដែរ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០កម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ខេត្តព្រៃវែង ឈ្មោះ ពេជ្រ ធា ហៅ ពែ ភេទប្រុស អាយុ ៤០ឆ្នាំ ស្នាក់នៅភូមិយស ឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលជាបក្សពួក របស់ជនសង្ស័យ ឈ្មោះ ទូច ប៊ុនហាន កំពុងរត់គេចខ្លួន តែត្រូវបាននគរបាលឃាត់ខ្លួននៅថ្ងៃទី២៦នេះ។
គួរំលឹកផងដែរ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៥និង៥០នាទីមានករណីលួចមានស្ថានទម្ងន់ទោស(ប្លន់ប្រដាប់អាវុធ)មួយកើតទ្បើងនៅចំណុចភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កដោយជនល្មើស ០២នាក់ ស្លៀកពាក់ស៊ីវិល ប្រដាប់ដោយអាវុធខ្លីមួយដើម ជិះម៉ូតូមួយគ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ បានធ្វើសកម្មភាពភ្ជង់បាញ់ទៅលើជនរងគ្រោះឈ្មោះ សៅ ធូ ភេទប្រុស អាយុ ៤៨ឆ្នាំ ខណៈពេលជនរងគ្រោះកំពុងអង្គុយរង់ចាំប្រពន្ធចេញពីធ្វើការ បណ្តាលឲ្យត្រូវចំភ្លៅខាងឆ្វេងធ្លាយមកលើថ្ងាសប្លោកនោម តែប្លន់មិនបានសម្រេច ហើយក៏ជិះម៉ូតូគេចខ្លួនបាត់៕ ដោយ៖ រ៉ារ៉ា