ខេត្តកណ្តាលៈ ជាងសំណង់ម្នាក់យកដុំឥដ្ឋដេញគុបគូរទំនាស់មិនត្រូវ បែរជាត្រូវក្មេងដែលកំពុងឈរលេង បណ្តាលឲ្យរងរបួសរយះថ្ពាល់និងហើមបបូរមាត់យ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង២១ និង១០នាទី ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ក្រោយពីមានហេតុការណ៍កើតឡើងជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានឃាត់ខ្លួន បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ រីឯក្មេងស្រីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យជ័យជំនះ ។
ជនសង្ស័យឈ្មោះ ឈឹម នរៈ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជា កម្មករសំណង់ មានទីលំនៅក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ។ ចំណែកឯក្មេងស្រីរងគ្រោះឈ្មោះ ឈី រចនា ភេទស្រី អាយុ៦ឆ្នាំ រងរបួសរយះថ្ពាល់ដេរ៣ថ្នេរ និងហើមបបូរមាត់ បច្ចុប្បន្នរស់នៅផ្ទះជាមួយឪពុកម្តាយក្នុងភូមិ/សង្កាត់កើតហេតុខាងលើ ។
ប្រភពពីមន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យខាងលើនេះបានកើតមានទំនាស់ពាក្យសំដីជាមួយកម្មករសំណង់ដូចគ្នា ហើយត្រូវបានគូរទំនាស់វាយឲ្យរបួសបន្តិចបន្ទួច ខណៈនោះជនសង្ស័យបានស្ទុះទាញយកដុំឥដ្ឋព្យាយាមគុបប្រហារទៅលើគូរទំនាស់វិញ តែមិនត្រូវបណ្តាលឲ្យដុំឥដ្ឋហោះទៅត្រូវក្មេងស្រីរងគ្រោះដែលកំពុងឈរលេងនៅក្បែរនោះរងរបួសរយះថ្ពាល់ និងហើមបបូរមាត់យ៉ាងធ្ងន់ធ្ងរ ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីឃើញដូច្នេះឪពុកម្តាយបាននាំកូនស្រីយកទៅព្យាបាលរបួសនៅមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ និង បានទៅដាក់ពាក្យបណ្តឹងនៅសមត្ថប៉ូលិសមូលដ្ឋានឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ស្អាងជ័យ
ជាងសំណង់យកដុំឥដ្ឋគុបគូទំនាស់មិនត្រូវបែរជាត្រូវក្មេងកំពុងឈរលេងរបួសធ្ងន់
...