ភ្នំពេញ៖ យោងតាមសេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ទាក់ទងទៅនឹងករណីស្ត្រីជនជាតិចិនម្នាក់ដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថាត្រូវបានចោរឆក់កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ជាព័ត៌មានមិនពិត ជាក់ស្តែងមិនមានករណីឆក់កេីតឡេីងដូចស្ត្រីចិនរូបនេះលេីកឡេីងនោះឡេីយ ។
បន្ទាប់ពីធ្វេីការសហការស្រាវជ្រាវរវាងអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ការិយាល័យអនុវត្តនីតិវិធីនៃផែនកអន្តោប្រវេសន៍ ជាមួយនាយកដ្ឋានព្រហ្មទណ្ឌ អស់រយ:ពេលប៉ុន្មានថ្ងៃកន្លងមកនេះ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចបានរកឃេីញស្ត្រីជនជាតិចិនឈ្មោះ ZHAO YUNYAN ហេីយបាននាំយកមកធ្វេីការសាកសួរ និងបំភ្លឺចំពោះករណីដែលគាត់បានលេីកឡេីងថាមានករណីចោរឆក់កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ ក្រោយពីធ្វេីការសាកសួរ ស្ត្រីរូបនេះបានសារភាពថាមិនមានករណីឆក់កេីតឡេីងមកលេីរូបគាត់នោះទេ ដោយសារតែគាត់ចង់បានលុយដេីម្បីត្រឡប់ទៅប្រទេសចិនវិញ ទេីបប្រឌិតរឿងនេះឡេីង ។ ម្យ៉ាងវិញទៀតដោយមានការសង្ស័យថាស្ត្រីរូបនេះប្រេីប្រាស់សារធាតុញៀន មន្ត្រីជំនាញបានធ្វេីតេស្តស្ត្រីជនជាតិចិនរូបនេះ ជាលទ្ធផលបានបង្ហាញថាគាត់ពិតជាបានប្រេីប្រាស់សារធាតុញៀនពិតប្រាកដមែន ។
ពេលនេះសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងប៉ុស្តិ៍នគរបាលរដ្ឋចតុមុខនៃអធិការដ្ឋាននគបាលខណ្ឌដូនពេញ កំពុងរៀបចំឯកសារបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងសុំគោលការណ៍ពីថ្នាក់ដឹកនាំត្រៀមបណ្តេញចេញពីប្រទេសកម្ពុជា ។
ដេីម្បីចូលរួមសហការទប់ស្កាត់ព័ត៌មានមិនពិត មុននឹងធ្វេីការចុះផ្សាយទាក់ទងទៅនឹងករណីអ្វីមួយដែលមិនមានប្រភពច្បាស់លាស់ សូមធ្វេីការសិក្សា ស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិន ដេីម្បីកុំឲ្យមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសការចុះផ្សាយព័ត៌មានមិនពិតមួយចំនួនអាចក្នុងគោលបំណងអាក្រក់ដេីម្បីបំពុលបរិយាកាសសង្គមផងដែរ ៕
ដោយ៖ សិលា