អន្តរជាតិ៖ បើយោងតាមការអះអាងពីអង្គការស្បៀងអាហារនិងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO ) បានបញ្ជាក់ថា ដោយសារការរាតត្បាតជាសាកល នៃវីរុសកូរ៉ូណា (COVID-19) បានធ្វើឲ្យកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការប្រយុទ្ធនឹងការស្រេកឃ្លានមានដំណើរថយក្រោយ១០ឆ្នាំ។
ជាក់ស្តែងប្រធានអ្នកសេដ្ឋសាស្ត្រនៃអង្គការ FAO លោក Maximo Torero Cullen បាននិយាយថា បញ្ហាមិនមែនការខ្វះម្ហូបអាហារទេ តែការទទួលម្ហូបអាហារ។ មិនតែប៉ុណ្ណោះ លោក Cullen ទស្សន៍ទាយថាភាពក្រីក្រនឹងធ្ងន់ធ្ងរថែមទៀត។
ប្រធានអ្នកសេដ្ឋសាស្ត្រនៃអង្គការ FAO រូបនេះ បានថ្លែងយ៉ាងដូច្នេះថា៖«ប្រជារាស្ត្រមិនអាចទទួលម្ហូបអាហារពីព្រោះពួកគេបាត់បង់ការងារពីព្រោះពួកគេគ្មានប្រាក់ចំណូល។ បណ្តាប្រទេសកំពុងអភិវឌ្ឍនឹងមានឧបសគ្គយ៉ាងច្រើនដោយសារសេដ្ឋកិច្ចមិនរីកចម្រើននៅក្នុងពិភពលោក។ ហេតុដូច្នេះហើយបានជាមនុស្សដែលខ្វះខាតអាហារអាចកើនចំនួន១៣២លាននាក់ថែមទៀត»។
លោក Cullen គូសបញ្ជាក់ថា៖«យើងរំពឹងថាមនុស្សរហូតដល់១៥០លាននាក់នឹងធ្លាក់ខ្លួនចូលដល់ស្ថានភាពក្រីក្រខ្លាំងបំផុត។ យើងរំពឹងថាមនុស្សដែលមានអាហារមិនគ្រប់គ្រាន់នឹងកើនឡើងចំនួន១៣២លាននាក់ថែមទៀត»។ លោក បន្ថែមថាអ្នកដែលងាយរងគ្រោះបំផុតគឺពួកអ្នកដែលឋិតក្នុងតំបន់មានចលាចលឬមានការប្រែប្រួលអាកាសធាតុ។
លោក Cullen បន្តថា៖«ពួកជនដែលងាយរងគ្រោះភាគច្រើនរស់នៅក្នុងតំបន់ខាងត្បូងនៃវាលខ្សាច់សាហារ៉ានៅក្នុងតំបន់ Sahel នៃទ្វីបអាហ្វ្រិក។ ជនទាំងនោះភាគច្រើនកំពុងតែប្រឈមជាមួយការប្រែប្រូលធាតុអាកាសជាស្រេចទៅហើយ។ ឬមួយពួកគេកំពុងតែប្រឈមនឹងបញ្ហាហ្វូងកណ្តូបធំៗនៅក្នុងប៉ែកខាងកើតនៃទ្វីបអាហ្វ្រិក»។ ព្រោះក្នុងឆ្នាំនេះមានហ្វូងកណ្តូបធំៗក្នុងផ្នែកខាងកើតនៃទ្វីបអាហ្វ្រិក។ ប្រទេសកេនយ៉ា បានជួបបញ្ហាសត្វល្អិតអាក្រក់បំផុតក្នុងរយៈពេល៧០ឆ្នាំដែលនាំឱ្យមានបញ្ហាធ្ងន់ធ្ងរដល់ជីវភាពមនុស្សរាប់លាននាក់។
យ៉ាងណាមិញ ទោះជាការរាតត្បាតនៃជំងឺកូវីដ១៩ធ្ងន់ធ្ងរក្នុងផ្នែកឯទៀតៗនៃពិភពលោកដូចជាក្នុងសហរដ្ឋអាមេរិកនិងទ្វីបអឺរ៉ុបក៏ដោយ ក៏ការស្ទង់មតិមួយរបស់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមហៅកាត់ថាICRC បានរកឃើញថាពួកអ្នកឆ្លើយតបនឹងការស្ទង់មតិមានផលប៉ះពាល់ដោយសារជំងឺនេះចាប់តាំងពីការចាប់ផ្តើមការរាតត្បាតនៃជំងឺនេះម្ល៉េះ។
ដោយឡែកគណៈកម្មាធិការ ICRC លោកស្រី Halimatou Amadou ក៏បាននិយាយជាមួយវីអូអេពីក្រុង Dakar ថា៖ «ការស្ទង់មតិនេះបានត្រូវធ្វើក្នុងចំណោមមនុស្ស២៤០០នាក់ក្នុងប្រទេស១០ក្នុងទ្វីប Afrique។ ហើយអ្វីដែលពួកគេបាននិយាយប្រាប់យើងនោះ ជាការណ៍នាំឱ្យមានទុក្ខព្រួយណាស់។ ឧទាហរណ៍មនុស្ស៩៤ភាគរយបានប្រាប់យើងថាម្ហូបអាហារនៅក្នុងផ្សារមូលដ្ឋានបានឡើងថ្លៃ។ យើងក៏ឃើញដែរថា៨២ភាគរយនៃពួកជនយើងបានសម្ភាសន៍បាននិយាយថាពួកគេគ្មានប្រាក់ចំណូលទេ»។
គណៈកម្មាធិការ ICRC រូបនេះ បានថ្លែងថា មានមនុស្សតែ៧ភាគរយប៉ុណ្ណោះដែលបាននិយាយថាពួកគេមានប្រាក់សន្សំគ្រប់គ្រាន់ដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្ន។ នៅកន្លែងឯទៀតៗស្ថានភាពរឹតតែអាក្រក់ថែមទៀតដោយសារសង្គ្រាម។
លោកស្រី Amadou បានគូសបញ្ជាក់ថា៖ «នៅក្នុងប្រទេស Burkina Faso មានមនុស្សប្រមាណ២លាន៨សែននាក់ដែលប្រឈមនឹងវិបត្តិអសន្តិសុខស្បៀងអាហារយ៉ាងធ្ងន់ធ្ងរ។ នេះគឺ២០០ភាគរយច្រើនជាងកាលពីឆ្នាំទៅមិញ។ អ្វីដែលយើងឃើញគឺនៅពេលនេះមានមនុស្សជាង១លាននាក់បានខ្ចាត់ព្រាត់ពីផ្ទះសំបែង ហើយពួកគេគ្មានដីដាំដំណាំទេ។ ហើយជាធម្មតាការណ៍នេះនាំឱ្យពួកគេកាន់តែពិបាកទទួលបានអាហារ»។
គួរបញ្ជាក់ថា ក្រៅពីទ្វីបអាហ្វ្រិក អង្គការ FAO ក៏ព្រួយបារម្ភជាពិសេសអំពីតំបន់អាមេរិកឡាទីនដែលរងគ្រោះធ្ងន់ធ្ងរដោយសារជំងឺCOVID-19 ដែរ៕ដោយ៖ស តារា