ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ជ្រាបថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញកំពុងទទួលការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សម្រាប់ខែកញ្ញា ឆ្នាំ២០២០។ ចំពោះបងប្អូនប្រជា
ពលរដ្ឋដែលខកខានមិនបានបង់ថ្លៃសេវាប្រមូលសំរាមសម្រាប់ខែសីហា និងខែមុនៗកន្លងមកក្នុងឆ្នាំ២០២០ រដ្ឋបាលរាជធានីភ្នំពេញបានអនុវត្តវិធានការដោយកត់ត្រាជាបំណុលរួចហើយ។ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តប្រកាន់យកភាពអត់ធ្មត់មិនអនុវត្តវិធានការរដ្ឋបាល និងច្បាប់ ដោយនៅតែទុកឱកាសឱ្យបងប្អូនប្រជាពលរដ្ឋជាអាជីវករ ពាណិជ្ជករ សិប្បករ ធុរជន ភ្ញាក់រលឹកនិងរួសរាន់បង់ថ្លៃសេវាប្រមូលសំរាម សំណល់រឹង ឱ្យបានទាន់ពេលវេលាកំណត់។ ដោយឡែក ចំពោះថ្លៃសេវាប្រមូលសំរាមខែកញ្ញា ឆ្នាំ២០២០ ត្រូវកំណត់នៅត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ។
ចំពោះនីតិវិធីនៃការបង់សេវាប្រមូលសំរាម និងសំណល់រឹង រាជធានីភ្នំពេញ សូមប្រើប្រាស់លេខសំគាល់អតិថិជន (មានក្នុងវិក្កយបត្រអគ្គិសនីកម្ពុជា) តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ជរ ទូទាត់នៅធនាគារអេស៊ីលីដា, ហត្ថាកសិករ, កាណាឌីយ៉ា ក.អ, ABA, WING, AMK, FTB, WB Finance, Prince Bank, CHIP MONG, ស្ថាបនា ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀតដូចជា eMONEY, TrueMONEY, លីហួរវេរលុយ និងPiPay។ សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកសាលារាជធានីភ្នំពេញ ឬតាមទំព័រហ្វេសប៊ុក ផ្លូវការ រដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹងរាជធានីភ្នំពេញ ឬតាមលេខទូរស័ព្ទ ០៨៧ ២៥៨ ៨៣៥។ ទទួលបានសេចក្តីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់នៅរាជធានីភ្នំពេញមេត្តាជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាព ៕. សំរិត
រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យពលរដ្ឋដែលខកខានបង់ថ្លៃសេវាសំរាម ភ្ញាក់រលឹកនិងរួសរាន់បង់ថ្លៃសេវាប្រមូលសំរាម សំណល់រឹង ឱ្យបានទាន់ពេលវេលាកំណត់
...