អាមេរិក នៅតែបន្តលក់ប្រព័ន្ធបាញ់មី​ស៊ី​ល ឲ្យ​តៃវ៉ាន់​ដែលមាន​តម្លៃ​ដល់​ទៅ​២,៤​ពាន់​លាន​ដុល្លារ​

ចែករំលែក៖

អន្តរជាតិ៖ បើទោះបីជារដ្ឋាភិបាលក្រុង​ប៉េកាំង បានប្រតិកម្មនិងសម្រេច​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​លក់​អាវុធ និង​បច្ចេកវិទ្យា​របស់​អាមេរិក ដែល​បាន​លក់​អាវុធ​ឲ្យ​កោះ​តៃវ៉ាន់យ៉ាងណាក៏ដោយ ។

ជាការឆ្លើយតបដូច​រាល់ដង ចិន ប្រាកដជា​ក្ដៅស្លឹកត្រចៀក​ខ្លាំង​ជុំវិញនឹង​បញ្ហានេះ ។​ ខណៈដែលក្រសួងការបរទេស​អា​មេ​រិ​ក កាលពីថ្ងៃទី​២៦ខែតុលា ឆ្នាំ២០២០ បានប្រកាសថា ខ្លួន​បានអនុម័ត​គម្រោង​លក់​ប្រព័ន្ធ​ការពារ​ឆ្នេរ​មួយឈុត​ទៀត​ឲ្យ​តៃវ៉ាន់​ដែលមាន​តម្លៃ​ដល់​ទៅ​២,៤​ពាន់​លាន​ដុល្លារ​។ ហើយនេះ​ជាការ​លក់​អាវុធ​ចុងក្រោយ​បំផុត​ពី​សំណាក់​អាមេរិក​ឲ្យ​ដែន​កោះ​តៃវ៉ាន់​ដែល​ប្រឈម​ការគំរាមកំហែង​រប​ស់​ចិនបន្ទាប់ពី​ទើបបាន​យល់ព្រម​លក់​សព្វាវុធ​បី​មុខ​កាលពី​សប្ដាហ៍​មុន​។

​បើតាមក្រសួងការបរទេស​អា​មេ​រិ​ក ​បានបញ្ជាក់នៅក្នុង​សេចក្ដីប្រកាស​របស់ខ្លួនថា៖ សំណើ​របស់​តៃវ៉ាន់​ក្នុង​ការទិញ​ប្រព័ន្ធ​ការពារ​ឆ្នេរ 100 Harpoon (100 Harpoon Coastal Defense Systems) ត្រូវបាន​យល់ព្រម​ហើយ​។ តម្លៃ​សម្រាប់​កិច្ចព្រមព្រៀង​លើក​នេះ គឺ​២,៤​ពាន់​លាន​ដុល្លារ រួមមាន៖ ​មី​ស៊ី​ល​ប្រភេទ RGM-84L-4 Harpoon Block II Surface Launched Missiles ចំនួន​៤០០​គ្រាប់ ដែល​អាច​បាញ់​គោលដៅ​នៅ​ចម្ងាយ​១២៥​គីឡូម៉ែត្រ​។ ក្រុមហ៊ុន Boeing ជា​អ្នក​ផលិត​មី​ស៊ី​ល​នេះ​។​

​គម្រោង​នេះ ត្រូវ​ឆ្លង​ការអនុញ្ញាត​ពីស​ភា​អាមេរិក​សិន​ទើប​អាច​ចេញ​ជា​ផ្លូវការ​។ ប៉ុន្តែ​គេ​មិន​រំពឹងថា សភា​អាមេរិក​នឹង​បដិសេធ​ឡើយ ព្រោះ​ទាំង​បក្ស​សាធារណរដ្ឋ ទាំង​បក្ស​ប្រជាធិបតេយ្យ​សុទ្ធតែ​គាំទ្រ​តៃវ៉ាន់​ក្នុងការ​ប្រឈមមុខ​នឹង​ចិន​។​

​ជាក់ស្តែងកាលពី​ថ្ងៃទី​២១ ខែតុលាថ្មីៗនេះ ក្រសួង​ការបរទេសអាមេរិក ក៏បានផ្ដល់​ភ្លើង​បៃតង​លើ​គម្រោង​លក់​មី​ស៊ី​ល​ប្រដេញ​AGM-84H SLAM-ER ចំនួន​១៣៥​គ្រាប់​តម្លៃ​១​ពាន់​លាន​ដុល្លារ ដែលជា​ផ្នែក​មួយ​នៃ​សំណើសុំ​ទិញ​សព្វាវុធ​ច្រើន​មុខ​របស់​តៃវ៉ាន់​នោះ​។​ហើយនេះ​ជាការ​យល់ព្រម​លើក​ទី​ពីរ​ក្នុងពេល​មួយ​សប្ដាហ៍​របស់​ក្រសួងការបរទេស​អាមេរិក​លើ​សំណើ​របស់​តៃវ៉ាន់​។

​សូមជម្រាបថា ការបើកផ្លូវ​ជា​បន្តបន្ទាប់​បែបនេះ​ពី​សំណាក់​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹងធ្វើ​ឲ្យ​ចិន​មួរ​ម៉ៅ​កាន់តែខ្លាំង​។ ព្រោះនៅ​ថ្ងៃទី​២៦ ខែតុលានេះដែរ ក្រសួងការបរទេស​ចិន ទើបបាន​ប្រកាស​ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​ចំនួន​បី​ដែ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់ រួមមាន៖ ​ក្រុមហ៊ុន Lockheed Martin, ក្រុមហ៊ុន Boeing Defense និង ក្រុមហ៊ុន Raytheon​។ ចំពោះការដាក់ទណ្ឌកម្ម​នេះ គឺ​ផ្អែកលើ​កំណត់ត្រា​ដ៏​ច្រើន​លើសលុប ដែល​ក្រុមហ៊ុន​បាន​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​។ តែ​មិនបាន​បញ្ជាក់​លម្អិត​ពី​ចំណាត់ការ​នោះឡើយ​។ ការលក់​លើក​នេះ ប្រាកដជា​ត្រូវ​ថ្មោង​របស់​ចិន​ទៀត​មិន​ខាន​។​

​គួរបញ្ជាក់ដែរថា កោះតៃវ៉ាន់​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី Tsai Ing-wen បាន​ចំណាយលុយ​ច្រើន​ដើម្បី​ពង្រឹងសមត្ថភាព​ការពារ​ខ្លួនស្របពេល​ដែល​ចិន​ធ្វើ​សកម្មភាព​កំញើញ​កាន់តែខ្លាំង​។ បន្ទាប់ពីមួយ​រយៈពេល​ចុងក្រោយនេះ យន្តហោះ​ចម្បាំង​ចិន​ហោះ​ឆ្វែល​តៃវ៉ាន់​សឹង​មិន​លស់​ថ្ងៃ​។ មិនតែប៉ុណ្ណោះចិន​ ក៏​តែង​តែនិយាយ​ជា​ចំហ​ដែរ​ថា ខ្លួន​មិន​អនុញ្ញាត​ឲ្យ​តៃវ៉ាន់​ផ្ដាច់ខ្លួន​ឡើយ ហើយ​ការប្រើប្រាស់​កម្លាំង នឹង​ជា​មធ្យោបាយ​ចៀស​មិន​ផុត​ទៀតផង​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print