ខេត្តពោធិ៍សាត់ ៖ កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលវាលវែង បានចុះអនុវត្តដីកានៃសាលាដំបូងខេត្តពោធិ៍សាត់២ករណីផ្សេងគ្នា ដោយឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីសារធាតុញៀន ។
មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ករណីចុះអនុវត្តដីកាសាលាដំបូងខេត្តពោធិ៍សាត់ខាងលើ ធ្វើឡើងនាថ្ងៃអង្គារ ១១កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅម្ដុំ០៧ ស្ថិតនៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ ជា ម៉ាប់ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុខាងលើ។
ប្រភពដដែលបានឲ្យដឹងទៀតថាការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១១១ នខ/២០ ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ចេញដោយលោក យុិន សារឿន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ដោយជនសង្ស័យជាប់ចោទពីបទៈ(រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)ប្រព្រឹត្តនៅភូមិ.ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ ។
ដោយឡែក មន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកក្រគរវិញបានឲ្យដឹងដែរថា នៅថ្ងៃដដែលនោះដែរ នៅភូមិទី៤ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ សមត្ថកិច្ចបានអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ១០០.ន.ខ/២០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ចេញដោយលោក សុិន ពិសិដ្ឋ ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ចោទពីបទៈ(ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)ប្រព្រឹត្តនៅចំណុចហាងខារ៉ាអូខេយីហោ(សិលាមានលាភ)ស្ថិតនៅភូមិឃុំខាងលើ ដោយឃាត់ខ្លួនជនសង្ស័យឈ្មោះ ឆន គឹមសួរ ហៅសួរ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ១នាក់ដែរ ។
ប្រភពព័ត៌មានពីមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកទាំងពីរបញ្ជាក់បន្ថែមបន្តទៀតថា ជនសង្ស័យត្រូវបានអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួន នៃសាលាដំបូងខេត្តពោធិ៍សាត់ដោយបានបំពេញតាមនីតិវិធីនិងបញ្ជូនបន្តទៅសាលាដំបូងខេត្តពោធិ៍សាត់ រួចហើយ៕
ដោយ÷បុឹម ពិន