ភ្នំពេញ៖ តារាចម្រៀង លោក ករុណាពេជ្រ បានបន្តសកម្មភាពមនុស្សធម៌ ជាថ្មី ពីល្ងាចថ្ងៃទី២៧ ខែតុលាឆ្នាំ២០២០នេះនៅមជ្ឈមណ្ឌលកុមារកំព្រាមួយនាខេត្តកំពង់ស្ពឺ។ នេះជាការលេចមុខម្តងទៀតក្រោយពីការចុះចែកអំណោយដោយផ្ទាល់ក្រោយពីលោកនាំយកអំណោយជួយជនរងគ្រោះនៅក្នុងស្រុកគងពិសីកាលពីសប្តាហ៍មុន។
តារាចម្រៀងប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ ទទួលបានការពេញចិត្តខ្លាំងពីអ្នកគាំទ្រក្រោយពីលោកបានបង្ហាញសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់ ក្រោយពីលោកបានចំណាយថវិកាផ្ទាល់ខ្លួនរួមទាំងការចូលរួមចំណែករបស់សប្បុរសជនមួយចំនួនទាំងក្នុងនិងក្រៅប្រទេស។ លោកបានយក អំណោយជាថវិកា គ្រឿងឧបភោគបរិយភោគ សម្ភារៈសិក្សាយកទៅផ្តល់ជូនប្អូនៗកុមារកំព្រា ចំនួន ៦៣នាក់ និង បុគ្គលិកលោកគ្រូ អ្នកគ្រូ ចំនួន ១០ នាក់ ដែលកំពុងស្នាក់នៅ មណ្ឌលកុមារកំព្រា នួន អក ព្រៃជុំ នា ភូមិព្រៃជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ក្រោមវត្តមានចូលរួមពីសំណាក់ អភិបាលស្រុកឧដុង្គ លោក ងួន វាសនាផងដែរ។ លោក ករុណាពេជ្រ បញ្ជាក់ថា ថវិកាសរុបចំនួន៣លានរៀល នំស្រួយសាគូរ៉ា ស្ករគ្រាប់ គុយទាវ មី ត្រីខកំប៉ុង ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវជាដើម។ លោកថាបន្ថែម ពីនេះទៀត សម្រាប់ប្អូនៗកុមារកំព្រា ៦៣នាក់ទទួលបានថវិកាម្នាក់ ២ម៉ឺនរៀល និង លោកគ្រូ អ្នកគ្រូ ចំនួ ន ១០នាក់ទទួលបាន ថវិកា ៤ម៉ឺនរៀល រួមជាមួយ នំមួយកញ្ចប់ សារ៉ុងមួយផងដែរ។
ជំនួសមុខលោកគ្រូ អ្នកគ្រូ និងប្អូនៗកុមារកំព្រា ទាំង ៦៣នាក់នោះ លោកករុណា ពេជ្រ សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ស្រុក ថ្នាក់ដឹកនាំខេត្ត កំពង់ស្ពឺ ដែលតែងតែយកចិត្តទុកដាក់ចំពោះប្អូនៗ ជាពិសេស គឺ សប្បុរសជនខ្មែរទាំងក្នុងប្រទេស និង ក្រៅប្រទេស ដែលបានបរិច្ចាគថវិកា សម្ភារៈ តាមរយះលោក ដើម្បីផ្តល់ជូនមណ្ឌលកុមារកំព្រា ខាងលើ។ លោក៏សូមគោរពជូនពរសប្បុរសជន ទាំងអស់ ជួបតែសំណាងល្អ ជោគជយ័ រីកចម្រើន សុខភាពល្អ មានសុភមង្គលជារៀងរហូតតទៅ៕