មន្ត្រីពេទ្យម្នាក់ជិះម៉ូតូលឿនខ្វះប្រុងប្រយ័ត្នទៅបុកគូទម៉ូតូសណ្តោងរុឺម៉កពីក្រោយរបួសធ្ងន់បាក់ភ្លៅ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាមន្ត្រីពេទ្យម្នាក់បានរងរបួសធ្ងន់បាក់ភ្លៅខាងស្តាំខណៈប្រើប្រាស់ល្បឿនម៉ូតូលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកគូទម៉ូតូសណ្តោងរុឺម៉កក្នុងទិសដៅស្របគ្នាពីក្រោយពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៤៧និងលេខ១៤៨ ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសបង្កហេតុមានឈ្មោះនាង សាក់  អាយុ៤៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរពេទ្យ មានទីលំនៅភូមិកំពោតលៀប សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីស្មាក់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ ១៧-៤១៩៥ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើកម៉ូតូសណ្តោងរុឺម៉កត្រូវបានគេស្គាល់ឈ្មោះមាស សាម៉ុន  អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិគោកល្វៀង សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង មិនមានរបួសនោះទេ។

បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាក់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ រដ្ឋ ១៧-៤១៩៥ក្នុងទិសដៅពីលិចទៅកើត ដោយប្រើប្រាស់ល្បឿនលឿនខ្វះការប្រុងប្រយ័ត្នស្រាប់តែទៅបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយម៉ាកសុីទី ពណ៌ក្រហម គ្មានស្លាកលេខយ៉ាងពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុអ្នករងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ហើយសមត្ថកិច្ចជំនាញបានធ្វើការវាស់វែងអូសយកមធ្យោបាយធ្វើដំណើរជាវត្ថុតាងទាំង២ គ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គញ់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕ យឹម សុថាន

...

  

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print