ទីប្រឹក្សា​សន្តិសុខ​ពិសេសកូរ៉េខាងត្បូង ថា៖ ការចូលរួម​កិច្ចសន្ទនា​(Quad) គឺ​មានតែ​បំផ្លាញ​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី​២៧ ខែតុលាម្សិលមិញនេះ ​ទីប្រឹក្សា​សន្តិសុខ​ពិសេស​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង បានអះអាងថា៖ ការចូលរួម​របស់​កូរ៉េខាងត្បូង ក្នុង​កិច្ចសន្ទនា​សន្តិសុខ​ចតុ​ភាគី (Quad) គឺ​មានតែ​បំផ្លាញ​សន្តិសុខ និង​ស្ថិរភាព​ក្នុង​តំបន់​តែប៉ុណ្ណោះ​។

​លោក Moon Chung-in ទីប្រឹក្សា​សន្តិសុខ​ពិសេស​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង ថ្លែង​នៅក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ​មួយ ដែល​សហ​រៀបចំ​ដោយ​ក្រុមប្រឹក្សា​Atlantic និង East Asia Foundation បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖ «​អាមេរិក គឺជា​សម្ព័ន្ធមិត្ត​តែមួយគត់​របស់​យើង ខណៈ​ចិន​គឺជា​ដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្ត្រ​»​។ ក្នុងន័យនេះ ទីប្រឹក្សា​សន្តិសុខ​រូប​របស់​ប្រធានាធិបតី បាន​បញ្ជាក់ថា ប្រសិនបើ​កូរ៉េខាងត្បូង​ផ្តោត​អាទិភាព​របស់ខ្លួន​លើ​អាមេរិក ខ្លួន​នឹង​ប្រឈម​បញ្ហា​ជាមួយ​ចិន​។​

ទីប្រឹក្សា​សន្តិសុខ​ពិសេសរូបនេះ ​បានបញ្ជាក់​បន្ថែមថា ប្រសិនបើ​អាមេរិក ជំរុញ​កូរ៉េខាងត្បូង​ឲ្យ​ចូលរួម​ក្នុង «Quad» ប្រាកដ​ណាស់​ថា​ចិននឹង​ចាត់ទុក​កូរ៉េខាងត្បូង​ជាស​ត្រូវ ហើយ​នេះ​គឺជា​អ្វីដែល​កូរ៉េខាងត្បូង​ត្រូវ​ប្រឈម និង​បារម្ភ​។ បញ្ហា​នេះហើយ កូរ៉េខាងត្បូង មិនគួរ​ចូលរួមក្នុង​កិច្ចសន្ទនា​ខាងលើ​ឡើយ ដើម្បី​បញ្ចៀស​បញ្ហា​ផ្សេង​ជាមួយ​ចិន ដែលជា​ប្រទេសជិតខាង​។ នេះបើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​Yonhap។

ជាក់ស្តែងកន្លងមក​អាមេរិក បាន​អំពាវនាវ​ឲ្យ​ប្រទេស​សម្ព័ន្ធមិត្ត នៅក្នុង​តំបន់​ចូលរួម​ក្នុង​កិច្ចសន្ទនា​សន្តិសុខ​ចតុ​ភាគី​។យ៉ាងណាមិញ អាមេរិក​មិនបាន​អញ្ជើញ​កូរ៉េខាងត្បូង ជា​ផ្លូវការ​ឲ្យ​ចូលរួម​ក្នុង​កិច្ចសន្ទនា «Quad» នេះឡើយ​។

ចំពោះការយល់ឃើញរ​បស់​សាស្ត្រាចារ្យ​ចូលនិវត្តន៍​របស់​សក​ល​វិទ្យាល័យ​Yonsei​ នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​រូបនេះ បានបញ្ជាក់ទៀតថាវត្តមាន​របស់​កូរ៉េខាងត្បូង​ក្នុង​Quad អាច​ឲ្យ​ចិន បង្កើត​បក្សសម្ព័ន្ធ​ត្រីភាគី​ជាមួយ​រុស្ស៊ី និង​កូរ៉េខាងជើង​បាន​។ ម្យ៉ាងទៀត វា​ក៏​អាចធ្វើ​ឲ្យ​ចិនចាប់ផ្តើម​ផ្តល់ជំនួយ​យោធា​ដល់​កូរ៉េខាងជើង​វិញ​ផងដែរ ដែល​ជំនួយ​នេះ បាន​ផ្អាក​តាំងពី​ឆ្នាំ​១៩៥៨​មក​ម្លេះ​។

​គួរបញ្ជាក់ថា ក្នុងកិច្ចសន្ទនា​សន្តិសុខ​ចតុ​ភាគី គឺមាន​ប្រទេស​ចំនួន​៤ ចូលរួម ក្នុងនោះ​មានដូចជា​អាមេរិក ជប៉ុន ឥណ្ឌា និង​អូស្ត្រាលី​។ ប្រសិន​គ្មាន​ការប្រែប្រួល​ទេ ក្រុម​ប្រទេស​ទាំងនេះ នឹងធ្វើ​សមយុទ្ធ​យោធា​នៅក្នុង​ខែវិច្ឆិកា​ខាងមុខនេះ នៅក្នុង​សមុទ្រ​អារ៉ាប់ និង​ឈុ​ង​សមុទ្រ​បេង​ហ្កា​ល់ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print