ខេត្តស្វាយរៀង៖ បុរសជាកម្មករសំណង់ម្នាក់ត្រូវបានក្រុមការងាររួមអាជីពជួយធ្វើចលនាដៃជើងនិងលើកមកកប់ក្នុងខ្សាច់ជាមួយនឹងទឹករួចហើយប្រញាប់ប្រញាល់ដឹកទៅកាន់មន្ទីរពេទ្យសង្គ្រោះទាន់ពេលបន្ទាប់ពីលើកដែកប៉ះចំខ្សែកាប្លិ៍ឆក់ធ្លាក់ពីលើដំបូលផ្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២០ស្ថិតក្នុងភូមិក្បាលថ្នល់ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថាបុរសរងគ្រោះឈ្មោះម៉ាប់ អាយុ៣១ឆ្នាំរស់នៅភូមិដើមពោធិ៍ ឃុំស្វាយតាយាន ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។
ប្រភពបានបន្តថា ដោយបុរសជាជនរងគ្រោះខាងលើបានមកធ្វើជាកម្មករសំណង់នៅផ្ទះឈ្មោះមុំ សារៀម ភេទស្រី អាយុ៦៩ឆ្នាំ មានទីលំនៅនៅភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
មុនពេលកើតហេតុគាត់បានលើកដែកដាក់លើដំបូលផ្ទះស្រាប់តែប៉ះចំខ្សែកាប្លិ៍ឆក់ធ្លាក់មកដីបង្កការភ្ញាក់ផ្អើលដល់ក្រុមការងាររួមអាជីពជួយសង្គ្រោះធ្វើចលនាដៃជើងលើកមកកប់ក្នុងខ្សាច់ជាមួយនឹងទឹករួចប្រញាប់ប្រញាល់ដឹកទៅកាន់មន្ទីរពេទ្យបង្អែកជីភូក្រុងបាវិតទាន់ពេលវេលា៕ ដោយ៖ យឹម សុថាន