ស្លាប់និងបាត់ខ្លួន៨៣នាក់ដោយព្យុះលេខ​៩(Molave) នៅវៀតណាម

ចែករំលែក៖

យ៉ាងហោចណាសក៏មានមនុស្ស​៥៧នាក់ស្លាប់និងបាត់ខ្លួននៅដីគោក ដោយសារតែព្យុះលេខ​៩ ដែលមានឈ្មោះអន្តរជាតិ (Molave) និងមានអ្នកនេសាទ​២៦នាក់បាត់ខ្លួននៅដែនសមុទ្រ។ ដូច្នេះ មានអ្នកស្លាប់និងបាត់ខ្លួន សរុបដល់ទៅ​៨៣នាក់ ។
តាមរបាយករណ៍ពីការិយាល័យ គណៈកម្មាធិការមជ្ឈិមស្តីពីការទប់ស្កាត់គ្រោះធម្មជាតិ​ នៅព្រឹកថ្ងៃទី​២៩ ខែតុលា ព្យុះលេខ​៩ អមទៅដោយភ្លៀងនិងខ្យល់ខ្លាំង​ បានសម្លាប់មនុស្ស​២នាក់នៅក្នុងខេត្ត​ក្វាងណាមម្នាក់និង យ៉ាឡាយ​ម្នាក់។​ ក្រៅពីនេះនៅមានមនុស្ស​៥៥នាក់បាត់ខ្លួន ដោយសារតែបាក់ដិីនៅជម្រាលភ្នំ​នៅខេត្តទាំងពីរ​។
ព្យុះលេខ​៩ ដែលមានខ្យល់ខ្លាំងបានធ្វើឲ្យផ្ទះពលរដ្ឋ​ដល់ទៅ ​២៥៥៥ខ្នង ​ត្រូវខ្យល់ធ្វើឲ្យបាក់ស្រុតទាំងស្រុង និងផ្ទះ ៨៨ ៥៩១ ត្រូវខ្យល់ធ្វើឱ្យប៉ើងដំបូល​។ ក្រៅពីនេះនៅមានការបាក់ដីនៅតំបន់ភ្នំ​ ស្ថិតនៅខេត្តក្វាងណាម ។ ជាមួយគ្នានោះកប៉ាល់នេសាទដល់ទៅ​៩គ្រឿងនៅខេត្តចំនួន​៣គឺ​ប៊ិញឌិន ភូអៀង​​ និងក្វាងណាម ត្រូវលិចដោយសារខ្យល់ខ្លាំងរលកធំៗ។ ការលិចកប៉ាល់នេសាទ​បណ្តាលឲ្យនាវិក​២៦នាក់បាត់ខ្លួន​។
ព្យុះលេខ​៩ គឺជាព្យុះទ្រង់ទ្រាយធំបំផុត​វាយប្រហារនៅវៀតណាម មិនធ្លាប់មានពីមុនមក​។ព្យុះនេះ បានបង្ខំឲ្យប្រជាជនជាង១លាននាក់ភៀសខ្លួន, រាប់លាននាក់គ្មានអគ្គិសនីប្រើប្រាស់ និងផ្ទះប្រជាជនជាងសរុប ៥៦,០០០ខ្នងរងការបំផ្លាញ ឬខូចខាត។នៅពេលនេះ កម្លាំងទាហានវៀតណាម​បានខិតខំជួយដល់ពលរដ្ឋ​ដែលរងគ្រោះដោយខ្យល់ព្យុះ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print