ភ្នំពេញ ៖ មានហេតុការណ៍ឆ្លងចរន្តអគ្គិសនីនៅមជ្ឈមណ្ឌលដែលមានយីហោ ជីនសុឺម៉ៅ បង្កជាអគ្គិភ័យឆាបឆេះ ភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជួយធ្វើអន្តរាគមន៍។
ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១១ ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ ៧៨ ត្រង់ចំណុចក្បែរស្ពានកោះពេជ្រ ក្នុងក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ ដោយសារតែឆ្លងចរន្តអគ្គិសនីនៅក្នុងមជ្ឈមណ្ឌលដែលមានយីហោ ជីនសុឺម៉ៅ ទើបបណ្តាលឱ្យកើតជាអគ្គិភ័យឆាបឆេះសម្ភារនៅក្នុងហាងបង្កភាពភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងកើតហេតុដើម្បីជួយធ្វើអន្តរាគមន៍ទប់ស្កាត់អគ្គិភ័យដែលកំពុងឆាបឆេះមជ្ឈមណ្ឌលខាងលើនេះ។
នគរបាលបានឲ្យដឹងថា ម្ចាស់ទីតាំង មានឈ្មោះ Fu Jianhva ភេទប្រុស អាយុ ៣៦ឆ្នាំ។
ក្នុងប្រតិបត្តិការពន្លត់អគ្គិភ័យនេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងគឺ៖
-រថយន្តនគរបាលបង្ការ និងពន្លត់អគ្គិភ័យចំនួន២គ្រឿង ប្រើប្រាសទឹកអស់១ឡាន។
-រថយន្តជំនួយទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង មិនបានប្រើប្រាស់នោះទេ។
សមត្ថកិច្ចបានបន្ថែមទៀតថា ការឆាបឆេះមជ្ឈមណ្ឌលនេះបង្កមកពីឆ្លងចរន្តអគ្គិសនី ហើយខូចខាតសម្ភារមានដូចជា តុ ទូ កៅអីបន្តិចបន្តួច ដែលនៅខាងក្នុង តែមិនឆាបឆេះឆ្លងរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋឡើយ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានពន្លត់ចប់នៅវេលាម៉ោង ១១ :៣០នាទី នាថ្ងៃខែឆ្នាំដដែល៕ ដោយ រ៉ារ៉ា