រន្ធត់ណាស់ម៉ូតូមួយគ្រឿងជិះគ្នា៤នាក់បុកស្លាកសញ្ញាចរាចរណ៍បាក់អស់១ដើមស្លាប់ម្នាក់របួស៣នាក់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង ដោយជនរងគ្រោះជិះម៉ូតូលឿន ទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍តាមផ្លូវ បាក់ចំនួន១ដើម ព្រមទាំងបណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ៣នាក់។

ហេតុការណ៍នេះ កើតទ្បើងកាលពីព្រលប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ នៅត្រង់ចំណុចបង្គោលគីឡូម៉ែត្រលេខ ៧២ ក្នុងភូមិទូលព្រិច ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ស៊េរី២០០៣ ពណ៌ក្រហម គ្មានស្លាកលេខ ជិះគ្នាចំនួន០៤នាក់ ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ត្រង់ចំណុចផ្លូវកោង បានរេចង្កូតទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍តាមផ្លូវ បាក់អស់១ដើម និងបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ចំនួន២នាក់ និងរបួសស្រាលម្នាក់។

មន្រ្តីនគរបាលចរាចរស្រុកអន្លង់វែងបានឲ្យដឹងថាជនរងគ្រោះទី១.ឈ្មោះ ឈឹង ស្រីឃាន ភេទស្រី អាយុ១៤ឆ្នាំ សិស្សសាលារស់នៅ ភូមិទូលក្រឡាញ់ ឃុំថ្លាតស្រុកអន្លង់វែង រងរបួសធ្ងន់ (លើដើមទ្រូង និងក្បាល)។

ទី២.ឈ្មោះ បែន មនោរម្យ ភេទប្រុស អាយុ១២ឆ្នាំ សិស្សសាលា រស់នៅភូមិថ្នល់ទទឹង ឃុំ/ស្រុកអន្លង់វែង រងបួសធ្ងន់។ ទី៣.ឈ្មោះ ឃុន ចិត្រា ភេទស្រី អាយុ១៤ឆ្នាំ សិស្សសាលា រស់នៅភូមិកោះថ្មី ឃុំ/ស្រុក អន្លង់វែង ជាអ្នកបើកម៉ូតូរងរបួសស្រាល។

និងទី៤.ឈ្មោះ សាន់ សៅនី ភេទស្រី អាយុ១៤ឆ្នាំ សិស្សសាលា រស់នៅភូមិថ្កូវ ឃុំផ្អៅ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ រងរបួសធ្ងន់ បញ្ជូនដល់មន្ទីពេទ្យបង្អែកស្រុកអន្លង់វែង (ស្លាប់)។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះវាស់វែង យកវត្ថុតាងម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្លាត ។

ចំណែកឯជនរងគ្រោះដែលរងរបួស ត្រូវបញ្ចូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែងភ្លាមៗដែរ៕

  

...

ដោយ៖ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print