ជាទូទៅការខាំក្រចកជាទម្លាប់មិនល្អមួយ។ ការខាំក្រចកនេះមិនត្រឹមតែធ្វើឲ្យរហែកក្រចកខូចទេ នៅបង្កជាបញ្ហាដល់សុខភាពផងដែរ។
មានបួនចំណុចជាមូលហេតុដែលយើងគួរបញ្ឈប់នូវទម្លាប់មួយនេះ
១. ដៃមានបាក់តេរីច្រើន
អ្នកខាំក្រចកតែងងាយនឹងឆ្លងជំងឺផ្ដាសាយ និងឆ្លងមេរោគក្នុងក្រពះពោះវៀន នេះបើយោងតាមវេជ្ជបណ្ឌិត Nikhil Bhayani អ្នកឯកទេសផ្នែកជំងឺឆ្លង។ ដៃរបស់យើងជាកន្លែងដែលសម្បូរដោយបាក់តេរីព្រោះដៃរបស់យើងឧស្សាហ៍ប៉ះនឹងផ្ទៃផ្សេងៗ ជាពិសេសនៅតំបន់ជុំវិញក្រចក និងនៅក្រោមក្រចកដែលសម្បូរដោយបាក់តេរីមិនល្អ។ នៅពេលយើងខាំក្រចក បាក់តេរីទាំងនោះនឹងឆ្លងចូលទៅក្នុងមាត់ និងងាយបង្កជាជំងឺផ្សេងៗ។
២. ការឆ្លងមេរោគលើស្បែក
ការខាំក្រចក ឬឆ្កឹះស្បែកជុំវិញក្រចកបង្កឲ្យមានការរលាត់ស្បែកដែលអាចមានបាក់តេរីឆ្លងចូលរបួសនោះបានយ៉ាងងាយស្រួល ដែលនេះអាចបង្កការឈឺចាប់បាន។ ការឆ្លងមេរោគនៅជុំវិញក្រចកតែងបង្កឲ្យមានអាការៈ ក្រហម ឡើងទន់ និងហើមជុំវិញក្រចក ហើយអាចបង្កក្រចកទៅជារឹង និងក្រាស់ទៀតផង។ ក្នុងករណីធ្ងន់ធ្ងរអាចនឹងមានពងបែកនៅជុំវិញក្រចកដែលអាចបែក ឬត្រូវកាត់ចេញ។
៣. ប៉ះពាល់ដល់ធ្មេញ និងអញ្ចាញ
ការខាំក្រចកក៏អាចបង្កបញ្ហាដល់ធ្មេញ និងអញ្ចាញធ្មេញដែរ។ ការខាំក្រចកអាចធ្វើឲ្យធ្មេញខ្សោយដែលបង្កឲ្យឆែប ឬបាក់បាន។ ក្រៅពីបញ្ហានេះ ការខាំក្រចកជាប្រចាំអាចធ្វើឲ្យបំណែកក្រចក និងបាក់តេរីជាប់នឹងធ្មេញ និងអញ្ចាញធ្មេញដែលអាចបង្កឲ្យមានការរលាកអញ្ចាញធ្មេញ និងបង្កមេរោគ។
៤. ក្លិនមាត់មិនល្អ
ទោះបីជាមិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការបញ្ជាក់ពីបញ្ហានេះ ប៉ុន្តែប្រសិនជាគ្នាយើងជាអ្នកឧស្សាហ៍ខាំក្រចក និងមានបញ្ហាក្លិនមាត់ នេះអាចជាមូលហេតុបង្ក។ ទន្តពេទ្យ Heather Kunen បានលើកឡើងថានៅពេលខាំក្រចក យើងអាចធ្វើឲ្យភ្នាក់ងារបង្ករោគចូលទៅក្នុងមាត់ដែលនេះបង្កជាហានិភ័យនៃការឆ្លងមេរោគនៅមាត់ធ្មេញ។ នេះអាចបង្កឲ្យមានក្លិនមាត់មិនល្អដោយផ្ទាល់ ឬប្រយោល។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ៕ដោយ៖ ស សម