អន្តរជាតិ៖ តុលាការក្រុងសេអ៊ូល នៅថ្ងៃចន្ទទី២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានកាត់ទោសលោក លី ម្យុងបាក់ (Lee Myung-bak) អតីតប្រធានាធិបតីកូរ៉េខាងត្បូង ឲ្យជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំ ពីបទពុករលួយ និងបិទការប្តឹងឧទ្ធរណ៍ថែមទៀត។
បើតាមសារព័ត៌មាន CNA បានចុះផ្សាយនៅរសៀលថ្ងៃចន្ទ ទី០២ ខែវិច្ឆកានេះថា លោក លី អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅការិយាល័យអយ្យការប្រចាំទីក្រុងសេអ៊ូល ដើម្បីចុះបញ្ជីមុននឹងផ្ទេរទៅកាន់ពន្ធនាគារ នៅភាគខាងកើតនៃរដ្ឋធានី។ លោក លី បានចាកចេញពីលំនៅដ្ឋានរបស់លោក នៅភាគខាងត្បូងទីក្រុងសេអ៊ូល ដោយរថយន្តពណ៌ខ្មៅ ឆ្លងកាត់ក្រុមអ្នកកាសែត និងអតីតជំនួយការជាច្រើននាក់ ប៉ុន្តែលោកមិនបាននិយាយអ្វីទាំងអស់។
សូមជម្រាបថា អតីតប្រធានាធិបតីកូរ៉េខាងត្បូងរូបនេះ ធ្លាប់បានកាន់អំណាចចន្លោះពីឆ្នាំ២០០៨–២០១៣ ក្នុងវ័យ ៧៨ឆ្នាំទៅហើយការជាប់ពន្ធនាគានេះ លោក លី នឹងអាចបាត់បង់ជីវិតនៅក្នុងពន្ធនាគារតែម្តង លុះត្រាតែលោកទទួលបានការលើកលែងទោស ដោយផ្ទាល់ពីប្រធានាធិបតីកូរ៉េខាងត្បូង។
អតីតប្រធានាធិបតីកូរ៉េខាងត្បូងវ័យចំណាស់រូបនេះ ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំ ជាលើកដំបូងពីបទកឹបកេងប្រាក់និងទទួលសំណូកនៅចុងឆ្នាំ២០១៨ ហើយត្រូវជាប់ពន្ធនាគារតាំងពីពេលនោះ ក្រោយមកសាលាឧទ្ធរណ៍បានបង្កើនទម្ងន់ទោសរហូតដល់១៧ឆ្នាំ ។ ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យនៅក្រៅឃុំបណ្តោះអាសន្ន រង់ចាំការប្តឹងបន្តទៅកាន់តុលាការកំពូល។
ដោយឡែកតុលាការកំពូលវិញ បានសម្រេចកាត់ទោសលោក លី ឲ្យជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំ ពីបទកឹបកេងប្រាក់ចំនួន ២៥.២ពាន់លានវ៉ុន (ប្រហែលជា ២២លានដុល្លារ) និងទទួលយកសំណូកសរុបចំនួន ៩.៤ពាន់លានវ៉ុន។ បន្ថែមពីនេះ លោក Lee ក៏ត្រូវរងការពិន័យជាប្រាក់ ១៣ពាន់លានវ៉ុន ក៏ដូចជាការដកហូតទ្រព្យសម្បត្តិចំនួន ៥.៧ពាន់លានវ៉ុនផងដែរ។
គួររម្លឹកដែរថា លោក លី ធ្លាប់បានដឹកនាំប្រទេសកូរ៉េខាងត្បូង ឆ្លងកាត់វិបត្តិសេដ្ឋកិច្ចពិភពលោក នៅចន្លោះឆ្នាំ២០០៨–២០០៩ និងឈ្នះការដេញថ្លៃកីឡាអូឡាំពិករដូវរងារឆ្នាំ២០១៨ ប៉ុន្តែលោកត្រូវបានគណបក្សប្រឆាំងរិះគន់ថា លោកបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ស្ថាប័នប្រជាធិបតេយ្យ និងសេរីភាពនៃការបញ្ចេញមតិ។
គួរបញ្ជាក់ថា អតីតប្រធានាធិបតីទាំង ០៤រូបរបស់កូរ៉េខាងត្បូង គឺសុទ្ធតែជាប់ពន្ធនាគារ ឬស្ថិតនៅក្រោមការស៊ើបអង្កេត បន្ទាប់ពីគូប្រជែងនយោបាយឡើងកាន់អំណាច។ ជាក់ស្តែងអ្នកស្នងតំណែងបន្ទាប់ពីលោក លី គឺលោកស្រី ផាក គឺនហេ (Park Geun-hye) បច្ចុប្បន្នកំពុងជាប់ពន្ធនាគារ ដែលនឹងមានរយៈពេល ២០ឆ្នាំ ពីបទសូកប៉ាន់និងរំលោភអំណាច បន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែង កាលពីឆ្នាំ២០១៧កន្លងទៅ ដោយសាររឿងអាស្រូវពុករលួយ ដែលបង្កឲ្យផ្ទុះការតវ៉ាដ៏ធំបំផុតទៅទីក្រុងសេអ៊ូល។ អតីតមេដឹកនាំម្នាក់ទៀតគឺលោករ៉ូហ៍ មូយុន (Roh Moo-hyun) បានបញ្ចប់ជិវិតខ្លួនឯង បន្ទាប់ពីត្រូវបានសាកសួរនៅក្នុងការស៊ើបអង្កេត លើករណីអំពើពុករលួយ ដែលពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោកកំឡុងពេល ដែលលោក Lee Myung-bak កំពុងកាន់តំណែងផងដែរ៕ដោយ៖ស តារា