សហរដ្ឋអាមេរិកៈ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងហ្វេសប៊ុកសម្ដេចថា៖ នៅរសៀលថ្ងៃទី១៤ កុម្ភះនេះ ខ្ញុំព្រះករុណាខ្ញុំ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ-អាមេរិកាំង ដែលធ្វើដំណើរមកពីរដ្ឋផ្សេងៗជាង ៦០០ នាក់នៅ សណ្ឋាគារ Hyatt Regency, Rancho Mirage។
ខ្ញុំសប្បាយចិត្តណាស់ដែលបានជួបជុំសួរសុខទុក្ខបងប្អូនខ្មែរយើងនៅទីនេះ ទោះបីមានការនឿយហត់ខ្លះៗដោយសារការធ្វើដំណើរជាង ២០ ម៉ោងមកក៏ដោយ។
ការមានមុខខ្ញុំមកទីនេះ គឺដោយសារកម្ពុជាយើងជាសមាជិកអាស៊ានដែលមានភារកិច្ចរួមជាមួយសមាជិកអាស៊ានផ្សេងទៀតធ្វើការជាមួយសហរដ្ឋអាមេរិក ក្នុងគោលដៅលើកកំពស់កិច្ចសហការឱ្យ កាន់តែខ្ពស់ថែមទៀត។
ខ្ញុំបានឃើញនូវសន្ទុះនៃការគាំទ្ររបស់ប្រជាពលរដ្ឋខ្មែរ-អាមេរិកនៅទីនេះ គឺកាន់តែផ្តល់នូវទំនុកចិត្តនិងក្តីសង្ឃឹមយ៉ាងខ្លាំងដល់ការចូលរួមរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសដើម្បីថែរក្សាការពារសន្តិភាព និងការអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិយើង។
ខ្ញុំព្រះករុណាខ្ញុំ សូមអរព្រះគុណ និងសូមអរគុណជនរួមជាតិដែលបានមកជួបជុំសំណេះសំណាលជាមួយគ្នាថ្ងៃនេះ។ ទោះបីនរណាកាន់បក្សណា ឬកាន់សាសនាអ្វី គឺយើងរួមគ្នាដើម្បីផលប្រយោជន៍ជាតិ។
សូមមេត្តា កុំទាស់គ្នាក្នុងស្រុក ហើយមកទាស់គ្នានៅក្រៅស្រុកហែកហួរបំផ្លាញសេចក្តីសុខរបស់ខ្មែរអោយបរទេសជាន់ឈ្លីមើលងាយជាតិសាសន៍យើង។ ខ្ញុំសូមជូនពរបងប្អូនជនរួមជាតិប្រកបតែក្តីសុខហើយរួមគ្នាអោយខ្មែរកាន់តែខ្លាំងឡើង ៕
ដោយ៖ សុខ ខេមរា