ខេត្តកណ្តាល៖ ប្រជាពលរដ្ឋនៅស្រុកស្អាងបានឱ្យដឹងថា លោក ជុំ សុវណ្ណ នាយសង្កាត់រដ្ឋបាលជលផលស្រុកស្អាង ខេត្តកណ្តាលកំពុងបណ្តែតបណ្តោយឱ្យមានការលួចដាក់ដាយត្រីខុសច្បាប់ពីក្រុមឈ្មួញ ខណៈទឹកជំនន់កំពុងហូរបុកទ្វារទឹកស្ពានអូរអណ្តូងយ៉ាងខ្លាំង ដោយមិនគិតពីផលប៉ះពាល់នៃការបាក់ស្រុតស្ពាននិងផ្លូវនោះឡើយ ។
ទោះបីយ៉ាងណា បញ្ហានេះ លោក ជុំ សុវណ្ណ នាយសង្កាត់រដ្ឋបាលជលផលស្រុកស្អាងបានឆ្លើយតបនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា រឿងដាក់ដាយត្រី គឺជារឿងរបស់សហគមន៍ បើចង់ដឹងច្បាស់ទៅសួរខាងសហគមន៍ និងលោកមេឃុំទៅ ។
លោក ជុំ សុវណ្ណ បន្តថា រឿងនេះគឺ ដោយសារលោក ទី សុគន្ធ ប្រាប់ពួកនោះឱ្យកៀរកំប្លោកចេញ ។ រឿងទ្វារទឹកនោះ ពីរបីថ្ងៃទៀតគឺបើកហើយ ។ ចំណែកការដាក់ដាយត្រីវាមិនខុសច្បាប់ទេ ពីព្រោះរដូវនេះជារដូវនេសាទ ។
ជាមួយគ្នានេះ បើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា លោក ជុំ សុវណ្ណ នាយសង្កាត់រដ្ឋបាលជលផលស្រុកស្អាង មិនមែនជំនាញខាងបង្ក្រាបបទល្មើសទេ តែជំនាញខាងប្រមូលលុយគ្រប់កណីមិនឱ្យរបូតឡើយ។
បើតាមសារាចរណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានណែនាំដល់មន្ត្រីរដ្ឋបាលជលផលឱ្យសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដោយចាត់វិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសទាំងអស់ឱ្យបានម៉ឺងម៉ាត់ ដោយមានការចាប់ខ្លួនជនល្មើស និង កសាងសំណុំរឿងចោទប្រកាន់ជាបន្ទាន់ បញ្ជូនទៅតុលាការ ។ ចំពោះករណីដែលជនល្មើសរត់គេចខ្លួនសមត្ថកិច្ចមានរយៈពេល៧ថ្ងៃ ក្នុងការស្រាវជ្រាវរកអត្តសញ្ញាណជនល្មើសហើយរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ៕ ដោយ៖ចេស្តា