យ៉ាងហោចណាស់ក៏មានមនុស្ស ៧នាក់ស្លាប់ និងរងរបួសជាច្រើននាក់ទៀតនៅក្នុងហេតុការណ៍បាញ់ប្រហារនៅខាងក្រៅព្រះវិហារជនជាតិជី្វហ្វ នៅកណ្តាលទីក្រុង Vienna ប្រទេសអូទ្រិស។ ប៉ូលិសបានប្រកាសឲ្យដឹងថា មានករណីផ្ទុះអាវុធ៦កន្លែងផ្សេងគ្នា ទើប នាយករដ្ឋមន្ត្រីអូទ្រិស លោក Sebastian Kurz ចាត់ទុកថាជាការវាយប្រហារភេរវកម្ម។
ការបាញ់ប្រហារកើតឡើងនៅវេលាម៉ោង២០យប់ថ្ងៃទី២ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) ដោយមានការចូលរួមពីក្រុមខ្មាន់កាំភ្លើងជាច្រើននាក់។ ខ្មាន់កាំភ្លើងម្នាក់ស្លាប់ដោយការបាញ់ប្រហារពីកម្លាំងប៉ូលិស និង ម្នាក់ទៀតត្រូវបានចាប់ខ្លួន។
ប៉ូលិសទីក្រុងVienna បានឲ្យដឹងថា មានការបាញ់ប្រហារដល់ទៅ៦កន្លែងផ្សេងគ្នា ។ បណ្តាញទូរទស្សន៍ ORF របស់ប្រទេសអូ
ទ្រិសបានផ្សាយថា មានមនុស្សរងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្នុងនោះមានទាំងប៉ូលិសផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកKarl Nehammer បានបញ្ជាក់ថា ការវាយប្រហារទាំង៦កន្លែង គឺស្ថិតនៅជិតព្រះវិហារជនជាតិជ្វីហ្វទាំងអស់ ។
ជាមួយគ្នានេះដែរ បណ្តាញទូរទស្សន៍ OE24 បានដកស្រង់ប្រភពព័ត៌មានពីកម្លាំងប៉ូលិសដែលបានឲ្យដឹងថា មានមនុស្ស៧នាក់ស្លាប់នៅមុខព្រះវិហារជនជាតិជ្វីហ្វក្នុងទីក្រុង Vienna។ បណ្តាញទូរទស្សន៍ខាងលើបានផ្សាយថា មានស្នូរកាំភ្លើងប្រមាណ៥០គ្រាប់។ ពេលនេះកម្លាំងសន្តិសុខកំពុងតែតាមចាប់ខ្លួនខ្មាន់កាំភ្លើង ៕