ខេត្តកំពង់ចាម ៖ ជនសង្ស័យម្នាក់បញ្ជាចង្កូតរថយន្ដប្រើប្រាស់ល្បឿនលឿនក៏ជ្រុលបុកម៉ូតូពីក្រោយបណ្តាលអោយមនុស្សម្នាក់ត្រូវរបួសធ្ងន់ធ្ងរហេីយបានដាច់ខ្យល់ស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបាធាយ ឯអ្នកបេីកបររថយន្តគេច ខ្លួនមិនទទួលខុសត្រូវ ។
ប្រភពព័ត៌មានអោយដឹងថា ករណីនេះកេីតឡេីងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៦:០០នាទី នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចខាងត្បូងភូមិបាធាយ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។
ប្រភពព័ត៌មានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងរវាងរថយន្ដនិងម៉ូតូ ។ រថយន្តម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3C-0304 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វេី ដំណេីរពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើបានបុកពីក្រោយម៉ូតូ ០១គ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F-9611 បើកបរដោយឈ្មោះ សាន សាឡុន ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានទិសដៅពីជើងទៅត្បូង ស្របគ្នា។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច ដែលចុះវាស់វែងពិនិត្យវាយតម្លៃថាអ្នកបើកបររថយន្តប្រើប្រាស់ល្បឿនលឿន ហេីយនៅពេលដឹងថាបង្កគ្រោះថ្នាក់ដល់អ្នកដទៃស្លាប់ រត់គេចខ្លួនបាត់ មិនព្រមទទួលខុសត្រូវ ។ ឯអ្នកបេីកបរ ម៉ូតូស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបាធាយ ។
ចំពោះមធ្យោបាយធ្វើដំណើរបង្កគ្រោះថ្នាក់ចរាចរណ៍ទាំង២គ្រឿង ឆេះកាប៊ីន រថយន្ដទាំងស្រុង និងឆេះម៉ូតូ ០១គ្រឿង ទាំងស្រុង ។
ទោះយ៉ាងណា សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកអ្នកបើកបររថយន្ដបង្កមកសួរនាំដើម្បីចងក្រងសំណុំរឿងតាម នីតិវិធី៕ ដោយ ៖ វណ្ណៈ