អន្តរជាតិ៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយសិង្ហបុរី PUB បានចេញសេចក្តីថ្លែងការណ៍មួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃចន្ទទី២ ខែវិច្ឆិកាម្សិលមិញនេះ ដោយណែនាំឲ្យប្រជាជនសិង្ហបុរីត្រូវជម្លៀសចេញនៅតំបន់មួយចំនួន ខណៈភ្លៀងធ្លាក់យ៉ាងគំហុកបានវាយប្រហារប្រទេសសិង្ហបុរី ដែលនាំមកនូវខ្យល់បោកបក់ខ្លាំង និងទឹកជំនន់ ។
បើតាមសារព័ត៌មាន CNA នៅព្រឹកថ្ងៃអង្គារ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដកស្រង់ពីអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយសិង្ហបុរី PUB បានគូសបញ្ជាក់ថា៖ «ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសសិង្ហបុរីនេះ បានបណ្តាលឱ្យមានគ្រោះទឹកជំនន់ភ្លាមៗ ដែលវាយប្រហារទីតាំងចំនួន0៣ គឺផ្លូវផាយ៉ឡេបា (Upper Paya Lebar), ឡូរ៉ុង ហ្គាំបៀរ (Lorong Gambir), និងម៉ោនត៍វ៉ឺម៉ុន (Mount Vernon)។ គ្រោះទឹកជំនន់នេះបានកើតឡើងនៅម៉ោងប្រហែល ០៣៖០០រសៀលថ្ងៃចន្ទ…»។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយសិង្ហបុរី បានបញ្ជាក់ទៀតថា ក្នុងចំណោមទីតាំងដែលត្រូវបានវាយប្រហារ ដោយគ្រោះទឹកជំនន់ភ្លាមៗនេះតំបន់តៃសេង (Tai Seng) បានកត់ត្រានូវកម្រិតទឹកភ្លៀងធ្លាក់ខ្លាំងបំផុត គឺជាង ១៣០មីល្លីម៉ែត្រ ដែលធ្លាក់ចាប់ពីម៉ោង ០២ និង៤០នាទីរសៀលដល់ម៉ោង ០៦ និង១០នាទីល្ងាច។ កម្រិតទឹកភ្លៀងធ្លាក់នេះ គឺច្រើនជាងពាក់កណ្តាលនៃកម្រិតទឹកភ្លៀងធ្លាក់ជាមធ្យម របស់ប្រទេសសិង្ហបុរីនៅក្នុងខែវិច្ឆិកានេះ និងស្ថិតក្នុងកម្រិតទឹកភ្លៀងធ្លាក់ខ្ពស់បំផុត នៃកំណត់ត្រាកម្រិតទឹកភ្លៀងធ្លាក់ប្រចាំថ្ងៃក្នុងរយៈពេល ៣៩ឆ្នាំចុងក្រោយនេះ។
បើតាម PUB ក្រុមជួយសង្គ្រោះបន្ទាន់ជាច្រើននាក់ ត្រូវបានដាក់ពង្រាយនៅទីតាំងដែលវាយប្រហារដោយគ្រោះទឹកជំនន់ភ្លាមៗនោះ ដើម្បីផ្តល់ជាជំនួយ និងពិនិត្យប្រព័ន្ធលូ ដើម្បីសម្រួលដល់ការរាំងស្ទះផងដែរ។ ជុំវិញបញ្ហាខាងលើនេះ PUB ក៏បានស្នើឱ្យប្រជាជនទាំងអស់ជម្លៀសខ្លួន ចេញពីតំបន់មួយចំនួនស្ថិតនៅទីតាំងផ្លូវ ដូចដែលបានរៀបរាប់ខាងលើនេះ ដោយសារតែហានិភ័យនៃគ្រោះទឹកជំនន់ភ្លាមៗខណៈកម្ពស់ទឹកនៅក្នុងប្រឡាយបានកើនឡើងដល់ទៅ ៩០ភាគរយហើយ៕ដោយ៖ស តារា