ចិន​៖ អាចនឹងក្ដៅស្លឹកត្រចៀក​មិន​ខាន ខណៈ​អា​មេ​រិ​ក យល់ព្រម​លក់​ដ្រូ​ន​តម្លៃ​៦០០​លាន​ដុល្លារ​ឲ្យតៃវ៉ាន់​

ចែករំលែក៖

អន្តរជាតិ៖ បើយោងតាមក្នុង​លិខិត​ជូនដំណឹង​ទៅកាន់​សភា ក្រសួងការបរទេស​អា​មេ​រិ​ក​ បានបញ្ជាក់​នៅ​ថ្ងៃទី​៣ ខែវិច្ឆិកា ម្សិលមិញនេះថា៖ខ្លួន​បានផ្ដល់​ភ្លើង​បៃតង​លើ​ការទិញ​ដ្រូនដែល​បញ្ជា​ពី​ចម្ងាយ​ចំនួន​បួន​ប្រភេទ​ ពី​សំណាក់​តៃវ៉ាន់ និង​គ្រឿង​បរិក្ខារ​ពាក់ព័ន្ធ ដែលមាន​តម្លៃ​សរុប​៦០០​លាន​ដុល្លារ​។

ជាក់ស្តែងក្នុង​លិខិត​ជូនដំណឹង​ទៅកាន់​សភា ក្រសួងការបរទេស​អា​មេ​រិ​ក បាន​ជូនដំណឹង​ដល់​សភា​ពី​ការយល់ព្រម​របស់ខ្លួន​លើ​សំណើ​ទិញ​ដ្រូ​ន​តម្លៃ​៦០០​លាន​ដុល្លារ​របស់​តៃវ៉ាន់​។ នេះ​ជាការ​យល់ព្រម​លើ​គម្រោង​ទិញ​អាវុធ​មួយទៀត​របស់​ទីក្រុង​វ៉ាស៊ីនតោន បន្ថែម​ពីលើ​គម្រោង​ទិញ​អាវុធ​ជាច្រើន​មុខ​កាលពី​ខែ​មុន​។ ហើយក៏​មិន​ខុសពី​លើក​មុនៗ​ដែរ ចិន​ប្រាកដជា​ក្ដៅស្លឹកត្រចៀក​មិន​ខាន​។​

​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP បាននិយាយថា

​ក្រសួងការបរទេស​អា​មេ​រិ​ក​ គម្រោង​លក់​អាវុធ​នេះ នឹង​បម្រើ​ផលប្រយោជន៍​ជាតិ សន្តិសុខ និង​សេដ្ឋកិច្ច​របស់​អាមេរិក​តាមរយៈ​ការគាំទ្រ​តៃវ៉ាន់​ក្នុងការ​បន្តធ្វើ​ទំនើបកម្ម​អាវុធ​របស់ខ្លួន និង​ដើម្បី​ធានា​សមត្ថភាព​ការពារ​ខ្លួន​។ បន្ថែមពីនេះក្រសួង​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ «​គម្រោង​លក់ នឹង​ជួយ​បង្កើន​សន្តិសុខ​ប្រទេស​ដែល​ទិញ និង​ជួយ​រក្សា​ស្ថិរភាព​នយោបាយ តុល្យភាព​យោធា សេដ្ឋកិច្ច និង​ដំណើរការ​ក្នុង​តំបន់​។​»

​សូមជម្រាបថា ដ្រូ​ន​ទាំងនេះ សម្រាប់​អាមេរិកក៏​ជួយ​ពង្រឹងសមត្ថភាព​ការពារជាតិ​របស់​តៃវ៉ាន់​ តាមរយៈ​ការពង្រឹង​សមត្ថភាព​ស៊ើបការណ៍ និង​យកការណ៍ ក៏ដូចជា​ជួយ​បង្ហាញ​អានុភាព​ប្រឆាំងនឹង​សកម្មភាព​យោធា​ណាមួយ​។ បើទោះ​មិន​និយាយ​ចំ អាមេរិក​ចង់​និយាយ​សំដៅ​ចិន​ដែល​គំរាម​ប្រើ​កម្លាំង​ទ័ព ​ដើម្បី​គ្រប់គ្រង​តៃវ៉ាន់​។​

​គួរបញ្ជាក់ថា ការលក់​ដ្រូ​ន​ខាងលើនេះ ជា​គម្រោង​លក់​អាវុធ​ចុងក្រោយ​មួយទៀត​របស់​អាមេរិក​ឲ្យ​តៃវ៉ាន់​។ ព្រោះកាលពី​សប្ដាហ៍​មុនអាមេរិក​ទើប​ផ្ដល់​ភ្លើង​បៃតង​លក់​មី​ស៊ី​ល Harpoon ឲ្យ​តៃវ៉ាន់​តម្លៃ​២.៣៧​ពាន់​លាន​ដុល្លារ​រួចហើយ​។ វា​ក៏​កើតឡើង​ក្រោយ​ចិន​ទើប​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាមេរិក​ដែល​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ផង​នោះ​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print