អន្តរជាតិ៖ អតីតតារាចម្រៀងប៉បថៃល្បីឈ្មោះ នាង Prissana Praisaeng ដែលក្នុងវិស័យសិល្បៈស្គាល់ថា «Pookie» និងប្តីរបស់នាង ត្រូវបានតុលាការព្រហ្មទណ្ឌថៃ នៅថ្ងៃពុធទី៤ ខែវិច្ឆិកាម្សិលមិញនេះ កាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣៨ឆ្នាំ និង៩ខែ ពីបទល្មើសជួញដូរគ្រឿងញៀន និងលាងលុយកង្វក់។
បើតាមសារព័ត៌មាន Bangkok Post នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះផ្សាយថា បន្ថែមពីការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៣៨ឆ្នាំ តារាចម្រៀងប៉ប វ័យ៤១ឆ្នាំ ម្ចាស់បទ «Sha-La-La-La-La» នាង Pookie និងប្តីរបស់នាង គឺលោក Cholavit Keetatraku វ័យ៥០ឆ្នាំ ត្រូវបង់ប្រាក់ពិន័យចំនួន ៣.៦ លានបាត ឬស្មើនឹងប្រមាណជាង ១០ម៉ឺនដុល្លារអាមេរិកផងដែរ។
ដោយឡែកទាក់ទិននឹងបញ្ហានេះដែរ ជនជាប់ចោទទី៣ គឺលោក Hong Cheng Yi ដែលជាជនជាតិតៃវ៉ាន់ មានវ័យ២៩ឆ្នាំ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២៥ឆ្នាំ និងបង់ប្រាក់ពិន័យចំនួន ២.៥លានបាត ឬប្រមាណជាង៨ម៉ឺនដុល្លារអាមេរិក។ ខណៈជនជាតិតៃវ៉ាន់រូបនេះ ត្រូវបានចាប់ខ្លួនដំបូងគេ នៅក្នុងសណ្ឋាគារមួយនៅស្រុក Lat Krabang ជិតអាកាសយានដ្ឋានសុវណ្ណាភូមិ ជាមួយនឹងគ្រឿងញៀនប្រភេទ «ketamine» ចំនួន ៥.១៧ គីឡូក្រាម។ រួចជនជាតិតៃវ៉ាន់រូបនេះ បានសារភាពប្រាប់ប៉ូលីសថា អតីតតារាចម្រៀងPookie និងប្តីរបស់នាង ជាអ្នកផ្គត់ផ្គង់គ្រឿងញៀនមករូបគេ។
ក្រោយមកបន្ទាប់ពីប៉ូលីសបានទទួលព័ត៍មានហើយ ក៏បើកប្រតិបត្តិការចុះបង្រ្កាប និងឃាត់ខ្លួន អតីតតារាចម្រៀង Pookie និងប្តីរបស់នាងបានកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំមុន នៅផ្ទះរបស់ពួកគេ ស្ថិតនៅក្នុងស្រុក Bang Khen ជាមួយគ្រឿងញៀនជាច្រើនបន្ថែមទៀត៕ដោយ៖ស តារា