ភ្នំពេញ៖ បុរសម្នាក់ ដែលជាអតីតមេជាងសំណង់ត្រូវបានគេប្រទះឃេីញដេកស្លាប់នៅក្នុងបន្ទប់ការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះត្រួតពិនិត្យ កាលពីវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី៥ ខែវិច្ឆកា ឆ្នាំ២០២០ ស្ថិតនៅក្នុងសំណង់ផ្ទះល្វែង តាមបណ្តោយផ្លូវបេតុង ក្នុងភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាកសពជនរងគ្រោះខាងលើ មិនស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែគេហៅក្រៅឈ្មោះ កុង មានអាយុប្រហែល៧០ឆ្នាំ សព្វថ្ងៃគាត់ស្នាក់នៅទីតាំងកន្លែងកើតហេតុ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា ជនរងគ្រោះខាងលើ អតីតគឺមេការសំណង់ ដោយមិនដែលឃើញមានបងប្អូនសាច់ញាតិណាមកសួរនាំឡើយ សង្ស័យតែគាត់មានតែម្នាក់ឯង។ កន្លងមកគាត់ជាមេជាងម៉ៅការសំណង់ខាងលេីតែដោយសារម្ចាស់ទីតាំងមិនបេីកលុយឲ្យទេីបផ្អាកការសាងសង់ ប៉ុន្តែរូបគាត់បន្តទៅធ្វេីជាកម្មករសំណង់កន្លែងផ្សេង តែមកស្នាក់នៅទីតាំងខាងលេី ដើម្បីឲ្យម្ចាស់សំណង់ប្រគល់លុយដែលជំពាក់គាត់ជាង ២ពាន់ដុល្លារទៀត។
ប្រភពដដែល បន្តថា នៅមុនពេលកើតហេតុដោយសារតែកម្មករផ្សេងទៀតមិនឃេីញគាត់ទៅធ្វើការ ក៏ទូរស័ព្ទមករកតែមិនមានអ្នកលើកដោយមានការសង្ស័យ ក៏មកមើលទើបប្រទះឃើញគាត់ដេកស្លាប់ក្នុងបន្ទប់បាត់ទៅហើយ។
ចំណែកសាក្សីម្នាក់សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ម្ចាស់ផ្ទះ ម្ចាស់សំណង់ខាងលើ ឈ្មោះ សុខ សំណាង នៅជំពាក់លុយជនរងគ្រោះជាង ២ពាន់ដុល្លារទៀត ហើយឲ្យជនរងគ្រោះវិលទៅផ្ទះ តែគាត់មិនទៅ គឺស៊ូដេករង់ចាំម្ចាស់សំណង់ប្រគល់លុយឈ្នួលជាង២ ពាន់ដុល្លារទៀតនោះសិន។ តែម្ចាស់សំណង់នេះព្យាយាមគេចវេះរហូត ដោយម្តងប្រាប់ថា ទៅប្រទេសចិន បាត់ហើយ ម្តងប្រាប់ថា ជាប់រវល់នៅឯក្រុងតាខ្មៅ ខេត្តកណ្តាល នៅសល់តែកម្មករ ជនរងគ្រោះចេះតែនាំគ្នាធ្វើការ មិនទាន់បានលុយឈ្នួលផង ស្រាប់មេជាងខ្យល់គស្លាប់បាត់ទៅ ។
បន្ទាប់មកក៏រាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចុះពិនិត្យជាក់ស្តែង ក្រោយកើតហេតុជំនាញកោសល្យវិច្ច័យក្រុងបានរកឃើញកាតសន្តិសុខមួយសន្លឹកដោយមានបិតរូបថត និងមានឈ្មោះនៅក្នុងបន្ទប់ជនរងគ្រោះ សង្ស័យជាគាត់ធ្លាប់ធ្វើជាសន្តិសុខពីមុនមក ប៉ុន្តែគ្រាន់តែអ្នកសារព័ត៌មាន សុំមើលឈ្មោះ ដើម្បីផ្សាយស្វែងរកសាច់ញាតិបែរជាសមត្ថកិច្ចមិនឲ្យមើល ។
ក្រោយកើតហេតុ សពជនរងគ្រោះត្រូវបានយកទៅតម្កល់ទុកក្នុងវត្តតាំងកសាងខាងត្បូងរងចាំស្វែងរកសាច់ញាតិ៕ដោយ៖ សុខាសែនជ័យ