ព្រឹទ្ធសភា​អាមេរិក៖ ​កៅអី​ភាគច្រើន​នៅ​តែប្រទាញប្រទង់​ខ្លាំង​ ខណៈបក្ស​ប្រជាធិបតេយ្យ នឹង​បន្តកាន់កាប់​សភា​តំណាង​ដដែល

ចែករំលែក៖

អន្តរជាតិ៖ បើតាម​លទ្ធផល​បោះឆ្នោត​ប​ណ្ដោះ​អាសន្ន​របស់សហរដ្ឋអាមេរិក ដែល​ដកស្រង់ចេញផ្សាយ​ដោយ​កាសែត The New York Times បាននិយាយថា បក្ស​ប្រជាធិបតេយ្យ នឹង​បន្តកាន់កាប់​សភា​តំណាង​ដដែល ខណៈ​កំពុង​នាំមុខ​បក្ស​សាធារណរដ្ឋ​ក្នុងការ​បោះឆ្នោត​ថ្ងៃទី​៣ ខែវិច្ឆិកា​។ ចំណែកនៅ​ព្រឹទ្ធសភា​វិញ ការ​ប្រជែង​កៅអី​ភាគច្រើន​នៅ​ប្រទាញប្រទង់​ខ្លាំង​។ បើទោះ​ជាមិនអាច​គ្រប់គ្រង​សភា​តំណាង​បាន ប៉ុន្តែបក្ស​សាធារណរដ្ឋ​អាចធ្វើ​បានល្អ ដោយ​អាច​ដណ្ដើម​អាសនៈ​មកវិញ​បាន​ខ្លះ បើធៀប​នឹង​ការបោះឆ្នោត​ឆ្នាំ​២០១៨ ។

​ជាក់ស្តែងការ​បង្ហាញពីលទ្ធផល​បណ្តោះអាសន្ន​នៃការបោះឆ្នោតអាមេរិក បក្ស​ប្រជាធិបតេយ្យ​កំពុងមាន​២០៥​អាសនៈ ទល់នឹង​១៩០​អាសនៈ​ដែល​បក្ស​សាធារណរដ្ឋ​ទទួលបាន​ក្នុង​សភា​តំណាង​ដែលមាន​អាសនៈ​៤៣៥​។ ខណៈបក្ស​ប្រជាធិបតេយ្យ​ត្រូវការ​អាសនៈ​បន្ថែមចំនួន​ត្រឹមតែ​១៣​ទៀត​ប៉ុណ្ណោះ​ ក្នុងការ​គ្រប់គ្រង​សភា​តំណាង​នីតិកាល​ទី​១១៧​។ ព្រោះសំឡេង​ភាគច្រើន​ដាច់ខាត​គឺ​២១៨​។ រីឯអាសនៈ​ចំនួន​៤០​ទៀត ពុំទាន់​ប្រកាស​លទ្ធផល ព្រោះ​ការរាប់​សន្លឹកឆ្នោត​នៅ​បន្តធ្វើ​នៅឡើយ​។​

បើតាម​កាសែត The New York Times​ បានចេញផ្សាយថាតំណាងរាស្ត្រ​ស្ត្រី​ឈានមុខ​ចំនួន​៤​រូប ដែលជា​អតីត​សកម្មជន​បរិស្ថានសិទ្ធិមនុស្ស សុខភាព និង​សិទ្ធិ​ពលរដ្ឋ​ស្បែក​ខ្មៅ និង​ជា​ឈាម​ជំនាន់​ថ្មី​របស់​បក្ស​ប្រជាធិបតេយ្យ ក៏​ជាប់ឆ្នោត​សារជាថ្មី ដោយ​សំឡេង​យ៉ាងច្រើន​លើសលុប​ទល់នឹង​គូប្រជែង​របស់ខ្លួន​។ តំណាង​រា​ស្រ​្តស្ត្រី​ទាំងនោះ​៖ មាន​លោកស្រី Alexandria Ocasio-Cortez, Ilhan Omar, Ayanna Pressley និង Rashida Tlaib​។​

សូមជម្រាបថា ​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា រដ្ឋ Arizona និង​Colorado ដែលមាន​អាសនៈ​១​រៀងខ្លួន​ធ្លាក់​ទៅក្នុង​ការ​គ្រប់​គ្រង់​របស់​បក្ស​ប្រជាធិបតេយ្យ​វិញ​។ រដ្ឋ​ទាំង​២​ខាងលើ កាលពី​អាណត្តិ​មុន​គ្រប់គ្រង​ដោយ​បក្ស​សាធារណរដ្ឋ​។ ដូចគ្នានេះដែរ រដ្ឋAlabama បាន​ទៅ​បក្ស​សាធារណរដ្ឋ​វិញ​។ សម្រេច​សម្រួច លទ្ធផល​បណ្តោះអាសន្ន បង្ហាញថា​បក្ស​ប្រជាធិបតេយ្យ​កើនឡើង​១​អាសនៈ​។​ ចំណែក​អាសនៈ​ចំនួន​៤ នៅ​រដ្ឋ Alaska (​មួយ​អាសនៈ​), Georgia (​ពីរ​អាសនៈ​), North Carolina (​មួយ​អាសនៈ​), និង Alaska(​មួយ​អាសនៈ​) ពុំទាន់​បញ្ចប់​ការរាប់​សន្លឹកឆ្នោត​ឡើយ ដោយ​ការរាប់​សន្លឹកឆ្នោត​ដែល​ផ្ញើរ​តាម​ប្រៃសនីយ៍ ចាប់ផ្តើម​ក្រោយ​ការបោះឆ្នោត​ថ្ងៃទី​៣ វិច្ឆិកា​បញ្ចប់​ទាំងស្រុង​។

​ដោយឡែក​នៅ​ព្រឹទ្ធសភា​អាមេរិក​វិញ អាសនៈ​ចំនួន​៣៥ ត្រូវដាក់​ប្រកួតប្រជែង​ក្នុងចំណោម​១០០​អាសនៈ​។ បើ​គិត​ជារួម​មក បក្ស​សាធារណៈរដ្ឋ​ទទួលបាន​៤៨​អាសនៈ ចំណែក​បក្ស​ប្រជាធិបតេយ្យ​ទទួលបាន​៤៨​អាសនៈ​ដូចគ្នា ហើយ​មាន​អាសនៈ​៤​ទៀត​ដែល​ពុំទាន់​ចេញ​លទ្ធផល​៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print