ខេត្តព្រៃវែង៖ ក្រោយពីទទួលបានដំណឹងករណីអគ្គិភ័យឆាបឆេះនៅផ្សារកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង នៅរសៀលថ្ងៃទី០៥ ខែវិច្ឆិកា នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង បានចុះទៅពិនិត្យស្ថានភាពជាក់ស្ដែង ដើម្បីវាយតម្លៃនៃការខូចខាត និង ផលប៉ះពាល់។
តាមសេចក្តីរាយការណ៍ជាបឋមពីអាជ្ញាធរដែនដី ករណីអគ្គិភ័យឆាបឆេះផ្សារកំពង់ពពិលនេះ កើតឡើងដោយសារទុស្សេខ្សែភ្លើង កាលពីវេលាម៉ោង ២១:០០ នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយលេបត្របាក់តូបលក់ដូររបស់ប្រជាពលរដ្ឋអស់ចំនួន ៧៥តូប ក្នុងចំនួនតូបសរុប ៩៦ តូប។
ចំពោះមុននៃការខូចខាតនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន រួមជាមួយក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្ត និងក្រុមប្រឹក្សាស្រុក រដ្ឋបាលស្រុក ដែលបានចុះទៅពិនិត្យ បានឯកភាពជាគោលការណ៍រួម ធ្វើការសម្របសម្រួលជាមួយក្រុមអាជីវករ ដើម្បីកែសម្រួលរៀបចំសាងសង់ផ្សារឲ្យមានសណ្តាប់ធ្នាប់នៅថ្ងៃខាងមុខ និងជាបន្ទាន់ ដើម្បីអាជីវករបានដំណើរការលក់ឡើងវិញ៕
ដោយ៖ សុខ ខេមរា