ក្រុមខ្លាំងៗទាំង៣នៅអង់គ្លេសទទួលបានលទ្ធផលល្អដូចគ្នាបន្តឈរលេខ១ក្នុងពូល

ចែករំលែក៖

ក្រុមខ្លាំងៗទាំង៣នៅលីគកំពូលអង់គ្លេសសុទ្ធតែទទួលបានលទ្ធផលល្អដូចគ្នា ដោយបន្តឈរលេខ១ក្នុងពូលរៀងៗខ្លួនក្នុងក្របខ័ណ្ឌ Europa League រដូវកាលនេះសម្រាប់៣ប្រកួតក្នុងវគ្គជម្រុះតាមពូលកាលពីរាត្រីថ្ងៃទី៥ ខែវិច្ឆិកាម្សិលមិញ។

ក្រុមចចកកំណាច Leicester City បានបំបាក់ក្រុមភ្ញៀវ Sporting Braga ក្នុងលទ្ធផល៤ទល់០ ដែលធ្វើឲ្យក្រុមខ្លាំងមួយនេះបន្តឈរលេខ១ក្នុងពូលG មាន៩ពិន្ទុក្នុង៣ប្រកួតកន្លងទៅ មិនដែលចាញ់ទាល់តែសោះ។ ៤គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Leicester City រកបានដោយកីឡាករ Iheanacho ២គ្រាប់, កីឡាករ Praet ១គ្រាប់ និងកីឡាករ Maddison ១គ្រាប់ ។

ចំណែកក្រុមមាន់ខ្នាយមាស Tottenham បានយកឈ្នះក្រុមម្ចាស់ផ្ទះ Ludogorets ក្នុងលទ្ធផល៣ទល់១ ធ្វើឲ្យក្រុមខ្លាំងមួយនេះបន្តឈរលេខ១ក្នុងពូលមាន៦ពិន្ទុ ដោយ៣ប្រកួតកន្លងទៅឈ្នះ២ប្រកួត និងចាញ់១ប្រកួត។ ៣គ្រាប់របស់ក្រុមភ្ញៀវ Tottenham រកបានដោយកីឡាករ Harrey Kane ១គ្រាប់ ដែលជាគ្រាប់ទី២០០របស់ខ្លួន,កីឡាករ Lucas Moura ១គ្រាប់ និងកីឡាករ Lo Celso ១គ្រាប់ ខណៈក្រុមម្ចាស់ផ្ទះ Ludogorets រកបាន១គ្រាប់វិញដែរដោយកីឡាករ Keșerü 
ដោយឡែកក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal បានបំបាក់ក្រុមភ្ញៀវ Moldeក្នុងលទ្ធផល៤ទល់១ បន្តឲ្យក្រុមខ្លាំង Arsenal មួយនេះបន្តឈរលេខ១ក្នុងពូលដោយ៣ប្រកួតកន្លងទៅមិនដែលចាញ់នោះទេ។ ការប្រកួតកាលពីយប់មិញក្រុមភ្ញៀវ Molde ជាអ្នករកគ្រាប់បាល់នាំមុខមុនដោយកីឡាករ Ellingsen នៅនាទីទី២២ ប៉ុន្តែមិនបានប៉ុន្មានផង កីឡាករ២រូបរបស់ក្រុមMolde បានភ្លាត់ស្នៀតធ្វើឲ្យចូលទីខ្លួនឯង២គ្រាប់ ធ្វើឲ្យក្រុមកាំភ្លើងធំនាំមុខវិញ។ បន្ថែមលើនេះទៀតកីឡាករ Pépé របស់ក្រុម Arsenal រកបាន១គ្រាប់ ហើយកីឡាករ Willock បន្ថែម១គ្រាប់ទៀត ធ្វើឲ្យចប់ការប្រកួតក្រុមម្ចាស់ផ្ទះ Arsenal ឈ្នះក្រុមភ្ញៀវ Molde ក្នុងលទ្ធផល ៤ទល់១។

សូមបញ្ជាក់ថា ក្រុម Leicester City ត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះ Sporting Braga នៅថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ ក្នុងវគ្គជម្រុះតាមពូល Europa League ខណៈដែលក្រុមមាន់ខ្នាយមាស Tottenham ត្រូវធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុម Ludogorets វិញដែរ។ ចំណែកក្រុមកាំភ្លើងធំ Arsenal ក៏ត្រូវធ្វើជាក្រុមភ្ញៀវប្រកួតជាមួយក្រុម Molde វិញដែរនៅយប់ថ្ងៃជាមួយគ្នា ដែលការប្រកួតក្របខ័ណ្ឌ Europa League វគ្គជម្រុះតាមពូលនៅសល់៣ប្រកួតទៀតនឹងចប់ ហើយនឹងដឹងថា ក្រុមណាខ្លះឡើងទៅវគ្គបន្ត ៕

   

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print