ពលរដ្ឋ​ដែនដី​កោះ​ព័រ​តូ​រី​កូ នាំគ្នាធ្វើ​ប្រជាមតិ​លើ​លក្ខន្តិកៈ​នៃ​ដែនដី​របស់ខ្លួន​ ដោយ​ចង់​ប្រែក្លាយ​ទៅជា​រដ្ឋ​មួយ​របស់អាមេរិក​

ចែករំលែក៖

អន្តរជាតិ៖ ពលរដ្ឋ​ដែនដី​កោះ​ព័រ​តូ​រី​កូ ក៏បាន​ធ្វើ​ប្រជាមតិ​លើ​លក្ខន្តិកៈ​នៃ​ដែនដី​របស់ខ្លួន ​ដោយ​ចង់​ប្រែក្លាយ​ទៅជា​រដ្ឋ​មួយ​ពេញលេញ​លក្ខណៈ​របស់អាមេរិក ស្រប​ពេលដែល​ពលរដ្ឋ​អាមេរិក ក្នុង​រដ្ឋ​ចំនួន​៥០​ បានធ្វើការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី សភា​តំណាង និង​ព្រឹទ្ធសភា ។ ប៉ុន្តែ​បើទោះបីជា​លទ្ធផល​ប្រជាមតិ​មិនមាន​ចំណង​ផ្លូវច្បាប់​ក្តី ពលរដ្ឋ​ព័រ​តូ​រី​កូ​ដែល​ចូលរួម​ធ្វើ​ប្រជាមតិ​ជាង​៥២​ភាគរយ ចង់​ឲ្យ​កោះ​នេះ​ក្លាយ​ទៅ​រដ្ឋ​មួយ​ដូច​រដ្ឋ​ដទៃទៀត​ផងដែរ​។

​សម្រាប់​ពលរដ្ឋ​ព័រ​តូ​រី​កូ លទ្ធផល​នៃ​ការធ្វើប្រជាមតិ​នេះ​ ជា​សញ្ញា​មួយ​យ៉ាងច្បាស់​ទៅកាន់​សភា​អាមេរិក ឲ្យ​ពិចារណា​ផ្តល់​លក្ខន្តិកៈ​ជា​រដ្ឋ​ដល់​ដែនដី​នេះ​។​ ព្រោះកោះ​ព័រ​តូ​រី​កូ ស្ថិតនៅ​ជា​ដែនដី​របស់​អាមេរិករ​យៈ​ពេល​១២២​ឆ្នាំ​មកហើយ​។ កោះ​នេះ​ធ្លាប់ធ្វើ​ប្រជាមតិ​បែបនេះ​៥​ដង​រួចមកហើយ ដោយ​ឆ្នាំ​២០១២ និង​២០១៧ ពលរដ្ឋ​កោះ​នេះ គាំទ្រ​ឲ្យ​ដែនដី​នេះ​ក្លាយទៅជា​រដ្ឋ​ក្នុង​សម្លេងគាំទ្រ​យ៉ាងច្រើន​លើសលប់​។ បើ​ដែនដី​នេះក្លាយទៅជា​រដ្ឋ កោះ​នោះ​នឹងមាន​តំណាងរាស្ត្រ​៥​រូប និង​សមាជិក​ព្រឹទ្ធសភា​២​រូប ក៏ដូចជា​អាច​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ផងដែរ​។​

​សូមជម្រាបថា មាន​មូលហេតុ​មួយចំនួន ដែល​កោះ​នេះ​ពុំ​ត្រូវបាន​សភា​អាមេរិក​ យកមក​ពិចារណា​លើ​លក្ខន្តិកៈ​ជា​រដ្ឋ​ ដោយហេតុផល​ទី​១នោះ​ គឺ​កត្តាសេដ្ឋកិច្ច តំណាងរាស្ត្រ​និង​អ្នកនយោបាយ​បក្ស​សាធារណរដ្ឋ​មួយ​ភាគ​ធំ​យល់ឃើញថា កោះ​នេះ​ចាំបាច់​ត្រូ​តែ​រៀបចំ​សេដ្ឋកិច្ច​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ និង​សងបំណុល​ឲ្យ​អស់​សិន​ទើប​អាច​ក្លាយជា​រដ្ឋ​នឹង​គេ​។

​ហេតុផល​ទី​២ គឺ​កត្តានយោបាយ​ពូជសាសន៍ អ្នកនយោបាយ​មកពី​បក្ស​សាធារណរដ្ឋ​ពុំ​ចង់​ឲ្យ​កោះ​នេះ​ក្លាយជា​រដ្ឋ​ឡើយ​ដោយសារ​ពុំ​ចង់​បញ្ចូល​ជនជាតិ​ក្រៅ​ជនជាតិ​ស្បែក​ស​ចូលក្នុង​រដ្ឋ​សហព័ន្ធ​អាមេរិក​។​

​ចំណែកឯ​ហេតុផល​ទី​៣ គឺ​ពលរដ្ឋ​កោះ​ព័រ​តូ​រី​កូ មួយ​ភាគ​ធំ​ជា​អ្នកគាំទ្រ​បក្ស​ប្រជាធិបតេយ្យ ដែលជា​កត្តា​ដែល​បក្ស​សាធារណរដ្ឋ​មិន​ចង់​ពិចារណា​លើ​លក្ខន្តិកៈ​នៃ​កោះ​នេះ​។

គួរបញ្ជាក់ថា ក្នុងន័យ​ដូចគ្នានេះ ពលរដ្ឋ​ព័រ​តូ​រី​កូ សង្ឃឹមលើ​បក្ស​ប្រជាធិបតេយ្យ ដោយ​គិតថា​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ និង​សភា​ទាំង​២​ដែល​គ្រប់គ្រង​ដោយ​បក្ស​នេះ​អាច​នឹង​គិតគូរ​ពិចារណា​ផ្តល់​លក្ខន្តិកៈ​រដ្ឋ​ដល់​កោះ​នេះ​៕ដោយ៖ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print