ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានប្រតិកម្មទៅលើពីវិដេអូបុរសម្នាក់ ដែលត្រូវបានគេស្គាល់ថាជាអ្នកសារព័ត៍មាន K01 កាលពីព្រឹកថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០២០ ដែលបានធ្វើសកម្មភាពដេញអ្នកជិះម៉ូតូបញ្ច្រាស់ទៅផ្លូវស្របវិញ ហើយនៅក្នុងវិដេអូក៏បានឃើញសកម្មភាពគាត់បានកាន់របស់រឹង និងរត់ទៅវាយកែបម៉ូតូឲ្យអ្នកបើកបរបញ្ច្រាស់ជិះត្រលប់ផ្លូវវិញ ត្រូវអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកនាំគ្នាបង្ហោះ និងស៊ែរតៗគ្នាផងដែរ។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ ទី ចំរើនកុសល បានបញ្ចេញមតិថា៖ “ខ្ញុំមិនកាន់ជើងប្រជាពលរដ្ឋដែលជិះបញ្ច្រាស់ផ្លូវទេ ហើយខ្ញុំក៏មិនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋជិះបញ្ច្រាស់បែបនេះដែរ ប៉ុន្តែបុរសម្នាក់ដែលដេញវាយប្រជាពលរដ្ឋនៅក្នុងវីដេអូនេះគឺច្បាប់មិនគាំពារ ឬលើកទឹកចិត្តឲ្យគាត់ធ្វើបែបនេះទេ ព្រោះវាបំពានទៅលើមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ( អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀលទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល )។ ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ គឺជាបទល្មើសព្រហ្មទណ្ឌ យោងតាមមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះត្រូវផ្តន្ទាទោស ពី ៦ ខែ ដល់ ២ ឆ្នាំ និង ពិន័យ ជាប្រាក់ ពី ១ លានទៅ ៤ លាន រៀល៕ដោយ៖ស តារា