នាយករដ្ឋមន្ត្រី ហ្វុីជី(Fiji)លោក Frank Bainimarama បានក្លាយជាមេដឹកនាំដំបូងគេបង្អស់នៅលើពិភពលោក បានជូនពរលោកបៃឌិន ដែលជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ។ ការជូនពររបស់លោក Frank Bainimarama ក្នុងពេលការរាប់សន្លឹកឆ្នោតមិនទាន់រួចរាល់ នៅឡើយទេ។
នៅថ្ងៃទី ០៧ខែវិច្ឆិកានៅលើបណ្តាញសង្គម Twitter នាយករដ្ឋមន្ត្រី ហ្វុីជីលោក Frank Bainimarama បានបង្ហោះសារជូនពរបេក្ខភាពប្រធានាធិបតីមកពីគណបក្សប្រជាធិបេយ្យជាប់ឆ្នោតប្រធានាធិបតីអាមេរិក ។ ជាមួយគ្នានោះលោកបានអំពាវនាវដល់ អាមេរិករួមគ្នាដើម្បីសង្គ្រោះផែនដី ឱ្យរួចផុតពីការបំផុសបរិយាកាស បម្រែបម្រួលអាកាសធាតុ។
នាយករដ្ឋមន្ត្រីហ្វុីជីFrank Bainimarama បានប្រកាសថា«សូមជូនពរលោកបៃឌិនឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក ។ យើងរួមគ្នាដើម្បីជួយដល់ភពផែនដីឱ្យកាន់តែប្រសើរ និងធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើនឡើងវិញក្រោយបញ្ចប់ការឆ្លងកូវីដ-១៩។ យើងត្រូវការអាមេរិកចូលរួមនៅក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសស្តីពីបម្រែបម្រួលអាកាសធាតុ»។
ចំណែកលោកដូណាល់ត្រាំវិញ ក៏ទទួលបានការជូនពរពីនាយករដ្ឋមន្ត្រី Slovenia លោក Janez Jansa តាំងពីថ្ងៃទី៤ខែវិច្ឆិកាពីជ័យជម្នះរបស់លោកត្រាំក្នុងពេលរាប់សន្លឹកឆ្នោតមិនទាន់ចប់ ហើយលោកត្រាំនាំមុខ។ តែពេលនេះ ការរាប់សន្លឹកឆ្នោតជិតចប់ លោកបៃឌិនបែរជានាំមុខវិញ៕ ដោយ៖ធីរីណា