ក្រុមបិសាចក្រហម Manchester United បានស្តារមុខមាត់របស់ខ្លួនឡើងវិញ ក្រោយពី៣ប្រកួតមិនទាន់ស្គាល់រសជាតិថាឈ្នះ ដោយបានបំបាក់ក្រុមម្ចាស់ផ្ទះស្ករគ្រាប់ Everton ក្នុងលទ្ធផល ៣ទល់១ កាលពីយប់មិញ ក្នុងជំនួបក្របខ័ណ្ឌ Premier League សប្តាហ៍ទី៨។
ក្រុមម្ចាស់ផ្ទះ Everton បាននាំមុខក្រុមភ្ញៀវបិសាចក្រហម Man United នៅនាទីទី១៩ ដោយកីឡាករ Bernard ប៉ុន្តែនៅតង់ទី១ដដែលនោះខ្សែបម្រើសញ្ជាតិព័រទុយហ្គាល់ Bruno Fernandes រកគ្រាប់បាល់បាន២គ្រាប់នាំមុខវិញនៅនាទីទី២៥ និងនាទីទី៣២ ធ្វើឲ្យចប់ការប្រកួតតង់ទី១ ក្រុមភ្ញៀវបាននាំមុខ២ទល់១។
ចូលដល់តង់ទី២ក្រុមម្ចាស់ផ្ទះបានព្យាយាមវាយសម្រុក ប៉ុន្តែមិនអាចធ្វើអ្វីក្រុមភ្ញៀវបានទេ ដោយដល់នាទីទី៩០+៤ ដែលជាម៉ោងបន្ថែមខ្សែប្រយុទ្ធវ័យជ្រេ Cavani ដែលទើបដូរចូលបានស៊ុតបាល់បំប៉ោងសំណាញទីក្រុម Everton មួយគ្រាប់ទៀត ដែលជាការបញ្ជូនបាល់បានយ៉ាងល្អពី Bruno Fernandes ។ ចប់ការប្រកួតក្រុមបិសាចក្រហម Man United បានយកឈ្នះក្រុមម្ចាស់ផ្ទះ Everton ក្នុងលទ្ធផល ៣ទល់១ ធ្វើឲ្យក្រុមបិសាចក្រហមទទួលបាន៣ពិន្ទុឡើងមកឈរលេខ១៤មាន១០ពិន្ទុបណ្តោះអាសន្ន ខណៈដែល Everton ឈរចំណាត់ថ្នាក់លេខ៦មាន១៣ពិន្ទុ។
ចំណែកក្រុមម្ចាស់ផ្ទះតោខៀវ Chelsea បានបំបាក់ក្រុមភ្ញៀវ Sheffield United ៤ទល់១ សម្រាប់ការប្រកួតកាលពីយប់មិញដែរ។ ក្រុមភ្ញៀវ Sheffield United បានរកគ្រាប់បាល់នាំមុខមុន២គ្រាប់គឺនៅនាទីទី៩ ដោយកីឡាករ McGoldrick ប៉ុន្តែនៅនាទីទី២៣ និងនាទីទី៣៤ កីឡាករក្រុមម្ចាស់ផ្ទះChelsea បានរកគ្រាប់បាល់២គ្រាប់នាំមុខវិញដោយកីឡាករ Abraham និងកីឡាករ Chilwell ធ្វើឲ្យចប់ការប្រកួតតង់ទី១ក្រុមម្ចាស់ផ្ទះនាំមុខ២ទល់១។
ចូលដល់តង់ទី២ ក្រុមម្ចាស់ផ្ទះបានព្យាយាមសម្រុកទៅលើក្រុមភ្ញៀវបន្តទៀតរហូតដល់មានគ្រាប់បាល់កើតឡើងគឺនៅនាទីទី៧៧ និងនាទីទី៨០ជិតចប់ការប្រកួត ដែលរកបានដោយកីឡាករ Thiago Silva និងកីឡាករ Werner ធ្វើឲ្យចប់ការប្រកួតក្រុម Chelsea ឈ្នះក្រុម Sheffield United ៤ទល់១។ លទ្ធផលនេះធ្វើឲ្យក្រុម Chelsea ឡើងឈរលេខ៣ បណ្តោះអាសន្នមាន១៥ពិន្ទុ ខណៈដែលក្រុម Sheffield United ធ្លាក់ដល់បាតតារាងមានតែ១ពិន្ទុប៉ុណ្ណោះក្នុង៨ប្រកួតកន្លងមក ៕
ដោយ៖ ភារៈ