និយាយពីព័ត៌មានពាក់ព័ន្ធនឹងប្រទេសទីម័រខាងកើត មិនសូវមានប្រព័ន្ធផ្សព្វផ្សាយណាលើកឡើងធ្វើឲ្យមិត្តអ្នកអានមិនសូវបានដឹងពីប្រទេសទីម័រប៉ុន្តែអ្នកអានជាច្រើន ក៏បានដឹងត្រឹមតែការតស៊ូដើម្បីឯករាជ្យ រំដោះប្រជាជនកាលពីជាងមួយទសវត្សរ៍កន្លងមក និងប្រវត្តិសាស្ត្រ៤៥០ឆ្នាំ រងការឈ្លានពានពីរដ្ឋផ្សេងៗនៅលើទឹកដីដែលមានផ្ទៃដីត្រឹមតែ១៥.០០០គីឡូម៉ែត្រក្រឡា តែប៉ុណ្ណោះ ។
នៅក្នុងក្នុងជំនាន់យុវវ័យសម័យក្រោយ ដែលមិនសូវបានអានព័ត៌មានបានស្គាល់ទីម័រតាមរយៈការប្រកួតបាល់ទាត់ក្នុងតំបន់អាស៊ានដោយក្រុមជម្រើសជាតិទីម័រ មិនទាន់ទាំងប្រកួតផង បានដឹងថា ចាញ់១០០ភាគរយទៅហើយ ។
ពលរដ្ឋទីម័រក៏ដូចជាពលរដ្ឋដទៃទៀតអីចឹងដែរ គឺមានទស្សនៈឯករាជ្យ មានទំនុកចិត្តលើខ្លួនឯង ចំណុចទាំងនោះ ហើយបានជួយឲ្យពលរដ្ឋទីម័រមានទឹកដីដាច់ដោយឡែកបើទោះបីមានពលរដ្ឋតិចជាងគេ បើប្រៀបធៀបនឹងប្រទេសនៅក្នុងតំបន់ក៏ដោយ ។
ពលរដ្ឋទីម័រមិនអាចស៊ូទ្រាំរស់នៅក្រោមអាណានិគមគេឡើយ បើទោះបីពលីជីវិតពលរដ្ឋច្រើនប៉ុណ្ណាក៏ដោយ ក៏ទីម័រខិតខំតស៊ូរហូតដល់បានឯករាជ្យ ។
ការតស៊ូនោះធ្វើឲ្យពលរដ្ឋទីម័ររហូតដល់ទៅ២សែននាក់បាត់បង់ជីវិតក្នុងពេលដែលពលរដ្ឋមានប្រមាណតែ១លានកន្លះប៉ុណ្ណោះ។ទីបំផុតការទទួលបានឯករាជ្យភាពក្រោយរយៈពេលជាង២៥ឆ្នាំក្រោមការគ្រប់គ្រងរបស់ប្រទេសឥណ្ឌូនេស៊ី។ទីម័រធ្លាប់ស្ថិតនៅក្រោមអាណានិគមរបស់ប្រទេសព័រទុយហ្គាល នៅសតវត្សរ៍ទី១៦និងនៅក្រោមការគ្រប់គ្រងរបស់ប្រទេសហុល្លង់ទៀតផងដោយហុល្លង់គ្រប់គ្រងនៅភាគខាងលិច ចំណែកព័រទុយហ្គាលគ្រប់គ្រងភាគខាងកើតទីម័រ។ទាំំងនោះហើយបានធ្វើឲ្យពលរដ្ឋទីម័រនិយាយភាសាព័រទុយហ្គាល និងភាសា Tetun។
រដ្ឋមន្ត្រីការបរទេសទីម័រលោក Coelho Da Silva បានមានប្រសាសថាដោយរកឃើញការតស៊ូប្រឆាំងការប៉ុនប៉ងឈ្លានពានរបស់ប្រទេសនៅក្នុងតំបន់អាស៊ានក៏ដូចជាការតស៊ូរបស់ប្រទេសវៀតណាមប្រឆាំងអាណានិគមនិងការឈ្លានពានរបស់អាមេរិកបានធ្វើឲ្យពលរដ្ឋទីម័រត្រូវក្រោកឈរឡើងដើម្បីឯករាជ្យរបស់ខ្លួន។
ក្រោយពេលទទួលបានឯករាជ្យជាផ្លូវការនៅខែឧសភា ឆ្នាំ២០០២ពលរដ្ឋទីម័របានចាប់ដៃគ្នាកសាងជីវិតថ្មីនៅលើគំនរបែកបាក់ដោយសារសង្គ្រាម។ពលរដ្ឋទីម័រ ២ភាគ៣បានស្លាប់នៅក្នុងសង្គ្រាមស៊ីវិល និង៨៥ភាគរយ ផ្ទះសម្បែងហេដ្ឋារចនាសម្ព័ន្ធ រងការបំផ្លាញ។ពលរដ្ឋទីម័របានចាប់ផ្តើមសារជាថ្មីវិញតាំងពីលេខសូន្យឡើង។
រយៈពេលជាង១៣ឆ្នាំកន្លងមក ទឹកដីទីម័រខាងកើតមានការប្រែប្រួលរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ មានផ្លូវហាយវេ មានរថយន្តទំនើបៗមានតាក់ស៊ី បន្តកន្ទុយគ្នានៅលើដងផ្លូវ។នៅតាមបណ្តោយឆ្នេរសមុទ្រពោរពេញដោយសណ្ឋាគារទំនើប និងទីតាំងស្ថានទូតបរទេស ។ទិដ្ឋភាពនៅតាមឆ្នេរស្រស់បំព្រោង ទាក់ទាញ់ភ្ញៀវទេសចរណ៍ជាច្រើន។
បើទោះបីជាប្រទេសនៅក្រីក្រ តែពលរដ្ឋទីម័របានគោរពច្បាប់យ៉ាងពេញលេញ ។ទោះបីជីវភាពរស់នៅក្រីក្រតែពលរដ្ឋទីម័រមិនដែលលូកដៃសុំលុយអ្នកទេសចរណ៍បរទេសនោះឡើយ។ពលរដ្ឋទីម័រប្រកាន់សច្ចៈ មានភាពក្លាហាន ហាននិយាយហានធ្វើ ក្រមិនមានន័យថាកំសាក ថោកទាបនោះឡើយ។ ពលរដ្ឋទីម័ររស់នៅយ៉ាងសប្បាយរីករាយមិនមានការខកចិតដោយសារតែខ្លួនបានកើតនៅក្នុងប្រទេសស្ថិតនៅក្នុងចំណោម១០ប្រទេសក្រជាងគេបំផុតនៅលើពិភពលោក។
ដោយសរតែពលរដ្ឋទីម័រក្រលំបាកទើបរដ្ឋាភិបាលផ្តល់ជំនួយដល់ពលរដ្ឋម្នាក់ៗ៣០ដុល្លារក្នុងមួយខែហើយថែមទាំងផ្តល់សេវាកម្មទាំងឡាយមិនគិតប្រាក់ក្នុងនោះមានទាំងការថែរក្សាសុខាភិបាលទឹកស្អាតជាដើម។ កាលពីប៉ុន្មានឆ្នាំមុនពលរដ្ឋប្រើ អគ្គិសនីក៏មិនយកប្រាក់ផងដែរ។ប្រភពចំណូលសំខាន់បំផុតរបស់រដ្ឋគឺការលក់ប្រេងសម្រាប់ចិញ្ចឹមពលរដ្ឋកំពុងតែខ្វះខាត។តែពេលនេះប្រេងមិននៅច្រើនដូចមុនឡើយ ទើបរដ្ឋាភិបាលខិតខំជំរុញផលិតក្នុងវិស័យកសិកម្ម និងទេសចរណ៍ ដោយទីម័រមានអំណោយផលទេសចរណ៍មានឆ្នេរសមុទ្រយ៉ាងស្រស់ស្អាត់។ ក្នុងពេលអនាគតទីម័រនឹងក្លាយទៅជាតំបន់ទេសចរណ៍ដែលទាក់ទាញបំផុតដូចនៅលើកោះបាលីដែលគេឲ្យឈ្មោះថា«ឋានស៊ួលោកិយ»។
ចំណុចមួយទៀតដែលគេចាប់អារម្មណ៍នោះគឺពលរដ្ឋទីម័រគោរពបូជាសត្វក្រពើចាត់ទុកក្រពើដូចជាសត្វទេព ជាព្រះរបស់ទីម័រខាងកើតពលរដ្ឋនៅទីនោះគ្មានអ្នកណាម្នាក់បរិភោគសាច់ក្រពើនោះឡើយ។ តាមរឿងព្រេងកាលពីដើមមានមានកុមារម្នាក់ឃើញកូនក្រពើជិតងាប់នៅឆ្នេរសមុទ្រហើយក៏ជួយដល់ក្រពើនោះសត្វក្រពើក៏បានសន្យាថានៅពេលណាកុមារខាងលើត្រូវការអ្វីក្រពើនោះនឹងបង្ហាញខ្លួននាំទៅកាន់គ្រប់ទិសទី។ជាច្រើនឆ្នាំក្រោយមក កុមារនោះធំពេញវ័យហើយចេញទៅសមុទ្រក៏ជួបក្រពើនោះកុមារនោះក៏និយាយថា ចង់ទៅដើរលេងជុំវិញពិភពលោក។ ក្រពើក៏ឲ្យអង្គុយនៅលើខ្នងនាំកុមារនោះដើរគ្រប់ទិសទីពេញដែនសមុទ្រទីបំផុតក៏អស់កម្លាំងរួចនិយាយទៅកាន់កុមារនោះថា «យើងដើរកម្សាន្តអស់រយៈពេលយូរហើយ ខ្ញុំអស់កម្លាំងមិនអាចបន្តទៅមុខទៀតខ្ញុំនិងក្រឡាខ្លួនឲ្យទៅជាកោះដ៏ស្រស់ស្អាតដើម្បីឲ្យអ្នករស់នៅបង្កើតកូនចៅនាពេលក្រោយ »។ រឿងព្រេងនេះ បានក្លាយទៅជាអក្សរសីលសម្រាប់បង្រៀនកូនចៅគ្រប់ជំនាន់។
ទីម័រខាងកើតបានដាក់លិខិតសុំចូលជាសមាជិកអាស៊ាននៅឆ្នាំ២០១១ហើយនៅពេលអនាគតទីម័រនឹងក្លាយទៅជាសមាជិកក្នុងមហាគ្រួសារអាស៊ានទាំងជាការចង់បានរបស់ពលរដ្ឋទីម័រ និងប្រទេសក្នុងតំបន់ ៕
ប្រែសម្រួល៖ ម៉ែវ សាធី