ខេត្តសៀមរាប ៖ ប្រអប់កុងទ័រភ្លើងជាង១០ប្រអប់ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ ដោយមិនមាន មន្ដ្រីជំនាញណាមួយជួយពន្លត់ទាន់ពេលវេលាឡើយ បណ្ដាលឲ្យដាច់ភ្លើងប្រើប្រាស់មួយរយៈព្រមទាំងបង្កឲ្យមាន ការភ្ញាញ់ផ្អើលដល់ពលរដ្ឋផងដែរ។
ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១៤ខែកក្កដាឆ្នាំ២០១៥ស្ថិតនៅចំនុចផ្លូវខាងក្រោយពេទ្យនាគទេព ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។
ករណីនេះ ពលរដ្ឋរិះគន់ថា សមត្ថកិច្ចពាក់ព័ន្ធ គ្មានសមត្ថភាពជួយពន្លត់ឲ្យទាន់ពេលវេលាទើបបណ្ដាលឲ្យភ្លើងឆេះកុងទ័រស្ទើអស់ទាំងស្រុង។
សាក្សីបានអោយដឹងថា មុនពេលភ្លើងឆាបឆេះប្រអប់កុងទ័រភ្លើងនោះ ពលរដ្ឋបានទូរស័ព្ទទៅ ខាងអគ្គិសនីឲ្យមកជួយផ្តាច់ភ្លើង ជៀសវាង កុំឲ្យឆ្លងពីប្រអប់មួយទៅប្រអប់មួយទៀត ប៉ុន្ដែរយៈជាង១ម៉ោងគ្មានឃើញខាងជំនាញណាមកពិនិត្យសោះ ដែលធ្វើឲ្យពលរដ្ឋលែងមានជំនឿនិងទុកចិត្តចំពោះសមត្ថកិច្ចពាក់ព័ន្ធ ខណៈដែលពួកគេបានហៅជាលើកទី២គ្មានឃើញមុខមកជួយអន្ដរាគមន៍ ទើបបណ្ដាលឲ្យភ្លើងឆាបឆេះតាមចិត្ដរហូតឆេះឆ្លងគ្នាអស់១០ប្រអប់។
លោកវរសេនីយឯក សំ សុជាតិ ស្នងការរងទទួលបន្ទុកពន្លត់ និងបង្កាអគ្គិភ័យ នៃស្នងការនគរបាលខេត្តបានប្រាប់អ្នកសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៤ខែកក្កដានេះថា លោកបានរៀបចំកម្លាំងនិងរថយន្តពន្លត់អគ្គិភ័យដែរ តែខាងអគ្គិសនីបានប្រាប់មកវិញថា មិនបាច់ចេញរថយន្តទេ ព្រោះអគ្គិសនីបានឲ្យកម្លាំងជំនាញទៅផ្តាច់ចរន្តខ្សែធំរួចរាល់អស់ហើយ មិនអាចឆ្លងទៅមកកាប៊ីនផ្សេងបានទេ។លោកបានបន្តថា ករណីនោះ មិនមែនជាកំហុសខាងលោកទេ ព្រោះអគ្គិសនីមិនឲ្យចេញឡាន។
អ្នកយកព័ត៌មាននគរវត្ដមិនទាន់អាចទាក់ទងផ្នែកអគ្គិសនីខេត្ដសៀមរាបបាននៅឡើយទេ ។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបបាន ត្អូញត្អែរថា អគ្គិសនីខេត្ដរំដួលនេះ ដាច់ភ្លើងជាញឹកញាប់ ដែលបណ្ដាលឲ្យកុងទ័រគីឡូវាត់របស់ពួកគាត់ ឡើងខុសប្រក្រតី និងឧបករណ៍អេឡិចត្រូនិច្ចខូចខាតផងដែរ៕