ភ្នំពេញ៖ សិល្បករផលិតករខ្មែរបានដាក់ក្តីរំពឹងខ្ពស់ចំពោះគម្រោងបង្កើតឲ្យមានមូលនិធីទ្រទ្រង់ភាពយន្តខ្មែរដែលបង្កើតឡើងដោយប្រមុខរដ្ឋាភិបាលក្នុងពេលខាងមុខនេះ។ទោះជាយ៉ាងណាថ្នាក់ដឹកនាំសមាគមសិល្បករខ្មែរបានធ្វើការសំណូមពរ និងជំរុញឲ្យសិល្បករផលិតករកម្ពុជា ខិតខំប្រឹងប្រែង ពង្រឹងសមត្ថភាព ទេពកោសល្យ វិជ្ជាជីវៈ របស់ខ្លួនឲ្យបានខ្លាំងជាមុនដើម្បីរួមគ្នាកសាសសម្មិទផសសិល្បៈប្រកបដោយភាពច្នៃប្រឌិតដើម្បីចាប់យកឱកាសមាសនៅពេលខាងមុខ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីគ្រប់បណ្តាស្ថានីយទូរទស្សន៍ក្នុងស្រុកបានចាប់ផ្តើមចាក់បញ្ចាំងខ្សែភាពយន្តនិងកម្មវិធីដែលផលិតក្នុងស្រុកផ្ទាល់ ពិសេសក្រោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាមានគម្រោងបង្កើតឲ្យមានមូនិធីមួយសម្រាប់ឲ្យបណ្តាផលិតកម្មដែលធ្វើការកម្ចីថវិការដើម្បីពង្រឹងវិស័យភាពយន្តរបស់ខ្លួនបាន។
លោកខៀវកាញារីទ្ធរដ្ឋមន្រ្តីក្រសួងព័ត៌មានបានបានលើកឡើងកាលពីពេលថ្មីៗនេះថា ប្រមុខរាជរដ្ឋាភិបាលមានបំណងបង្កើតមូលនិធិមួយសម្រាប់ទ្រទ្រង់ដល់ផលិតករក្នុងការផលិតខ្សែភាពយន្តខ្មែរដែលកំពុងជួបការខ្វះខាតថវិកាក្នុងការផលិតដោយអាចឲ្យខ្ចីថវិកាពីមូលនិធិនេះយកទៅផលិតខ្សែភាពយន្តហើយនៅពេលដែលចាក់បញ្ចាំងបានចំណូលចាំយកមកសងវិញមូលនិធិវិញ។
លោករដ្ឋមន្រ្តីក៏បានអំពាវនាវដល់អ្នកដែលតែងតែនិយាយថាស្រឡាញ់សិល្បៈខ្មែរសូមជួយចូលរួមគាំទ្រនិងឧបត្ថម្ភផងដែរព្រោះកន្លងមកពិនិត្យឃើញថារាល់កម្មវិធីសិល្បៈបុរាណខ្មែរផ្សព្វផ្សាយនៅតាមទូរទស្សន៍ជាតិគ្មានអ្នកជួយឧបត្ថម្ភឡើយ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ជូនផងដែរថា ក្រោយពីក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសហាមដល់ស្ថានីយទូរទស្សន៍ ទាំងអស់មិនឲ្យចាក់ផ្សាយខ្សែភាពយន្តបរទេសនៅក្នុងម៉ោងមាស (ចាប់ពីម៉ោង៧យប់ដល់ម៉ោង៩យប់) មកមានស្ថានីយទូរទស្សន៍មួយចំនួនបានត្អូញត្អែរអំពីប្រាក់ចំណូលបានមកពីពាណិជ្ជកម្មដែលធ្វើឲ្យប៉ះពាល់ដល់ដំណើរការផ្សព្វផ្សាយរបស់ស្ថានីយទាំងមូលតែទោះបីជាយ៉ាងក៏ដោយយើងនៅតែបន្តធ្វើតទៅទៀតដើម្បីលើកស្ទួយសិល្បៈខ្មែរយើងឲ្យបានរស់រានតទៅមុខទៀត។
លោករដ្ឋមន្រ្តីក៏បានជំរុញលើកទឹកចិត្តដល់អ្នកផលិតខ្សែភាពយន្តខ្មែរនិងតួសំដែងទាំងអស់ឲ្យខិតខំរួមសាមគ្គីគ្នាក្នុងការធ្វើយ៉ាងណាឲ្យខ្សែភាពយន្តក៏ដូចជាកម្មវិធីផ្សេងៗទៀតដែលផលិតដោយខ្មែរខ្លួនឯងកាន់តែមានភាពទាក់ទាញនិងមានគុណភាពល្អ។
ក្នុងជំនួបសមាជិកក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរកាលពីរសៀលថ្ងៃទី១៤ កុម្ភៈ លោក សុះម៉ាចបានរំលឹកថាក្រោយពីក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសហាមមិនឲ្យស្ថានីយទូរទស្សន៍ទាំងអស់ចាក់ផ្សាយខ្សែភាពយន្តបរទេសនៅក្នុងម៉ោងមាសមកសិល្បកររួមទាំងអ្នកផលិតខ្សែភាពយន្តខ្មែរនិងអ្នកស្រឡាញ់វិស័យខ្សែភាពយន្តខ្មែរមានការសប្បាយរីករាយជាខ្លាំងព្រោះថានេះជាការលើកកម្ពស់វិស័យសិល្បៈនិងវប្បធម៌ខ្មែរក៏ដូចជាអត្តសញ្ញាណជាតិឲ្យកាន់តែមានការរីកចម្រើន។
លោកបន្តថាជំនួបជុំសមាជិកសមាគមនៅពេលនេះគឺដើម្បីបញ្ជាក់ប្រាប់សមាគអំពីការរៀបចំសំណុំឯកសារពាក់ព័ន្ធផ្ញើទៅកាន់ក្រសួងពាក់ព័ន្ធជុំវិញការបង្កើតមូលនិធីទ្រទ្រង់វស័យភាពយន្តខ្មែរ។លោក បញ្ជាក់ដែរថា នេះគឺជាឱកាសល្អប្រសើរមួយទៀតសម្រាប់សិល្បករផលិតករ បន្ទាប់ពីក្រសួងព័ត៌មានចេញសេចក្តីប្រកាសមិនឲ្យស្ថានីយទូរទស្សន៍ទាំងអស់ចាក់ផ្សាយខ្សែភាពយន្តបរទេសនៅក្នុងម៉ោងមាស។
លោកបញ្ជាក់ថាប្រសិនបើគម្រោងមូលនិធិនេះលេចចេញជារូបរាងនោះវានឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់វិស័យភាពយន្តនៅកម្ពុជា ពិសេសសម្រាប់ផលិតកម្មដែលខ្វះធនធានសម្រាប់ពង្រឹងគុណភាពភាពយន្តរបស់ខ្លួនដើម្បីប្រកួតប្រជែងជាមួយខ្សែភាពយន្តក្នុងស្រុកនិងប្រទេសជិតខាងហើយសមាគមសិល្បករខ្មែរ និងសមាគមភាពយន្តនឹងបន្តសហការរួមគ្នាធ្វើការងារទាំងនេះឲ្យបានល្អប្រសើរ។
អគ្គហិរញ្ញិកសមាគមសិល្បករខ្មែរ អ្នកស្រីថុង ស៊ីវទៀង បញ្ជាក់ថា វាគឺជាដំណឹងល្អសម្រាប់សិល្បករពិសេសផលិតករដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយផ្សេងៗដើម្បីឲ្យភាពយន្តរបស់ខ្លួនកាន់តែមានគុណភាពខ្ពស់។ អគ្គនាយិការចាងហ្វាងផលិតកម្ម ចក្រវាឡពេជ្រភាពយន្តរូបនេះជឿជាក់ថា វិស័យភាពយន្តខ្មែរ នឹងមានសន្ទុះខ្លាំងឡើងវិញក្រោយពីសេចក្តីប្រកាសរបស់ក្រសួងព័ត៌មានមិនឲ្យស្ថានីយទូរទស្សន៍ទាំងអស់ចាក់ផ្សាយខ្សែភាពយន្តបរទេសនៅក្នុងម៉ោងមាស ហើយប្រសិនបើគម្រោងមូនិធិទ្រទ្រង់វិស័យភាពយន្តនេះលេចចេញជារូបរាងមែននោះអ្នកស្រីមានជំនឿថាខ្សែភាយន្តខ្មែរពិតជាអាចប្រកួតប្រជែងជាមួយខ្សែភាពយន្តប្រទេសជិតខាងបាន។
លោក ទុំ សារ៉ុត ហៅនាយឃ្លោក ប្រធានកិត្តិយសសមាគមសិល្បករខ្មែរ បានបញ្ជាក់បន្ថែមថាក្រៅពីការជួយជំរុញលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាលសិល្បករអ្នកផលិតអ្នកតែងនិពន្ធនិងអ្នកដឹកនាំរឿងទាំងអស់ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាផលិតនូវរឿងក៏ដូចជាកម្មវិធីផ្សេងៗដែលជាស្នាដៃរបស់កូនខ្មែរឲ្យកាន់តែល្អ។ លោកបញ្ជាក់ថា ការពង្រឹងសមត្ថភាពជំនាញ ទេពកោសល្យរបស់ខ្លួនឲ្យកាន់តែខ្លាំងនោះនឹងជួយឲ្យវិស័យសិល្បៈបន្តរីកចម្រើនលឿនជាងមុន៕
ដោយ៖ វឌ្ឍនា