ប្រទេសមីយ៉ាន់ម៉ា៖ នៅថ្ងៃទី៩ ខែវិច្ឆិកា សម្ព័ន្ធមិត្តជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) កាន់អំណាចនៅមីយ៉ានម៉ា ដឹកនាំដោយលោកស្រី Aung San Suu Kyi បានប្រកាសថា គណបក្សរបស់លោកស្រីទទួលបានកៅអីគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
នៅក្នុងសេចក្តីប្រកាស របស់គណបក្ស(NLD) ក្រោយពេលទទួលបាន លទ្ធផលរាប់សន្លឹកឆ្នោតក្រៅផ្លូវការ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី ៨ខែវិច្ឆិកា បង្ហាញឲ្យឃើញថា គណបក្ស (NLD) ទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
មានប្រសាសន៍ទៅកាន់សារព័ត៌មានរ៉យទ័រ អ្នកនាំពាក្យគណបក្ស (NLD) លោក Myo Nyunt បានបញ្ជាក់ថា ៖ គណបក្សកាន់អំណាចទទួលបាន ចំនួនកៅអី ៣២២ គ្រាប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល។ លោកបន្តទៀតថា លោកបានអរគុណដល់ពលរដ្ឋ ដែលបន្តគាំទ្រ ហើយបោះឆ្នោតជូនគណបក្ស(NLD) ។
នៅវេលាម៉ោង ១៥ ថ្ងៃទី៩ខែវិច្ឆិកាគណកម្មការរៀបចំការបោះឆ្នោត មិនទាន់ប្រកាសពីលទ្ធផលបោះឆ្នោតផ្លូវការនៅឡើយទេ។ ប៉ុន្តែលទ្ធផលក្រៅផ្លូវការតាមបណ្ឌលបោះឆ្នោតបង្ហាញឲ្យឃើញថា គណបក្សកាន់អំណាចនាំមុខជាច្រើន ។
ការបោះឆ្នោតនៅថ្ងៃទី៨ខែវិច្ឆិកា គឺជាការបោះឆ្នោតប្រជាធិបតេយ្យ លើកទី៣ ក្នុងរយៈពេល ៦០ឆ្នាំកន្លងមក។ ពលរដ្ឋមីយ៉ានម៉ាជាង៣៧ លាននាក់បានទៅបោះឆ្នោត នៅតាមមណ្ឌលបោះឆ្នោតទាំង ៤២.០៤៧កន្លែងទូទាំងប្រទេស។ មានគណបក្សជាង៩០ បានចូលរួមក្នុងការបោះឆ្នោតលើកនេះ៕
ដោយ៖ ធី រីណា