អន្តរជាតិ៖ ខណៈមធ្យោបាយប្រើប្រាស់របស់ឥណ្ឌូណេស៊ី បច្ចុប្បន្នស្ទើរតែទាំងអស់ជាផលិតផលមកពីជប៉ុន រដ្ឋាភិបាលឥណ្ឌូណេស៊ី បានសុំឲ្យ ចិន និងកូរ៉េខាងត្បូង ជួយអភិវឌ្ឍន៍លើបច្ចេកវិទ្យាមួយនេះ សម្រាប់ឥណ្ឌូណេស៊ី ដើម្បីទាញយកបានសក្តានុពលនេះ ។ បន្ទាប់ពី បានមើលឃើញពីសក្តានុពលធំមួយរបស់ខ្លួន ក្នុងការបង្កើតរថយន្តប្រើដោយអគ្គិសនី ។
បើយោងតាមសារព័ត៌មានឥណ្ឌូណេស៊ី Jakarta Globe បានចុះផ្សាយថា ជាក់ស្តែងកាលពីថ្ងៃ៧ វិច្ឆិកាថ្មីៗនេះ រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការវិនិយោគឥណ្ឌូណេស៊ី លោក Luhut Binsar Pandjaitan បានបញ្ជាក់ថា ឥណ្ឌូណេស៊ី កំពុងតែសំឡឹងឃើញឱកាសដ៏ធំមួយទៅកាន់ឧស្សាហកម្មរថយន្តអគ្គិសនី ហើយក៏បានស្នើសុំទៅកាន់ចិន និងកូរ៉េខាងត្បូង ដើម្បីផ្តល់ជំនួយបច្ចេកទេសក្នុងការសម្រេចមហិច្ឆតាដ៏មានសក្តានុពលសម្រាប់ទីផ្សារឥណ្ឌូណេស៊ីមួយនេះ។
លោករដ្ឋមន្ត្រីរូបនេះ បញ្ជាក់ទៀតថា បច្ចេកវិទ្យាក្នុងការផលិតរថយន្តប្រើដោយអគ្គិសនី មានលក្ខណៈសាមញ្ញជាងប្រើដោយម៉ាស៊ីន ដែលចំណុចសាមញ្ញនេះហើយ ធ្វើឲ្យឥណ្ឌូណេស៊ី មានលទ្ធភាពក្នុងការអភិវឌ្ឍដោយខ្លួនឯង។
ជាមួយគ្នានេះ លោក Luhut Binsar Pandjaitan សង្កត់ធ្ងន់យ៉ាងដូច្នេះថា៖ អភ័យទោសឲ្យខ្ញុំទៅចុះ និយាយឲ្យស្មោះទៅ បច្ចុប្បន្នយើង កំពុងតែស្ថិតក្រោមអាណានិគមបច្ចេកវិទ្យារបស់ជប៉ុន។លោក រដ្ឋមន្រ្តីរូបនេះ បន្តថា លោក គាំទ្រយ៉ាងពេញទំហឹងលើឧស្សាហកម្មរថយន្តអគ្គិសនី ដ្បិតបច្ចុប្បន្នរថយន្តប្រមាណ ៩៦ ភាគរយ ដែលឥណ្ឌូណេស៊ីប្រើប្រាស់បច្ចុប្បន្ន ត្រូវបានផលិតដោយជប៉ុន។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលឥណ្ឌូណេស៊ីរូបនេះ បន្ថែមថា ឥណ្ឌូណេស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្កើតឧស្សាហកម្មរថយន្តអគ្គីសនី ដោយសារឥណ្ឌូណេស៊ី មានវត្ថុធាតុដើមសម្រាប់ការផលិតអាគុយស្រាប់ ជាមួយនឹងសំណើសុំជំនួយបច្ចេកទេសផ្នែកបច្ចេវិទ្យាពីចិន និងកូរ៉េខាងត្បូង។ លោក អះអាងថា ជប៉ុន បានមិនសប្បាយចិត្តនឹងឥណ្ឌូណេស៊ី ដោយថែមទាំងបានចោទថា ឥណ្ឌូណេស៊ី លម្អៀងទៅចិនទៀតផង។
តាមលោក Luhut ក្នុងមហិច្ឆតារបស់ឥណ្ឌូណេស៊ី ការផលិតរថយន្តអគ្គិសនីនេះ មិនត្រឹមតែដើម្បីផ្គត់ផ្គង់សម្រាប់ក្នុងស្រុក ឬតំបន់នោះទេ ក៏ប៉ុន្តែសម្រាប់តម្រូវការសកល ដែលឥណ្ឌូណេស៊ី រំពឹងថា ខ្លួននឹងអាចក្លាយជាប្រទេសផលិតផលិតផលប្រើដោយអគ្គិសនីធំបំផុតលំដាប់ទី២ ឬទី៣ របស់ពិភពលោកក្នុងឆ្នាំ២០២៧ ផងដែរ៕ដោយ៖ស តារា