ក្រសួងសុខាភិបាល ៖ វិធានការសំខាន់ៗ១០ចំណុច សម្រាប់ការធ្វើចត្តាឡីស័ក

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីការពារការរីករាលដាល ឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដាក់ចេញនូវវិធានការ១០ចំណុច សម្រាប់ការធ្វើចត្តាឡីស័ក មានដូចខាងក្រោម៖
ទី១-នៅក្នុងផ្ទះដាច់ដោយឡែកគ្រប់ពេលជារៀងរាល់ថ្ងៃ ក្នុងអំឡុងពេល១៤ថ្ងៃ (មានដាច់ខាតដើរចេញក្រៅផ្ទះ ឬទីកន្លែងធ្វើចត្តាឡីស័ក)។
ទី២-តាមដានរោគសញ្ញានៃជំងឺ ដោយវាស់កម្តៅជារៀងរាល់ថ្ងៃ នៅពេលព្រឹក និងពេលល្ងាច។ បើកម្តៅលើពី៣៧.៥អង្សារ ឬមានរោគសញ្ញាណាមួយ ដូចជាក្អក ឈឺបំពង់ក ពិបាកដកដង្ហើម ត្រូវទាក់ទងទៅកាន់ទូរស័ព្ទទាន់ហេតុការណ៍ ១១៥។
ទី៣-នៅដាច់ដោយឡែកពីសមាជិកគ្រួសារ
– រស់នៅក្នុងបន្ទប់មួយដាច់ដោយឡែក ដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ និងប្រើប្រាស់បន្ទប់ទឹក/បង្គន់ផ្សេងពីគ្រួសារ។ បរិភោគអាហារដាច់ដោយឡែកពីសមាជិកគ្រួសារ។
– ពាក់មាស់ជាប់ជានិច្ច និងត្រូវនៅឃ្លាតពីគ្នាយ៉ាងតិច១.៥ម៉ែត្រ
ទី៤-ប្រើប្រាស់សម្ភារៈដោយឡែកពីសមាជិកគ្រួសារ
– ហាមប្រើសម្ភារៈរួមគ្នាជាមួយសមាជិកគ្រួសារ។ លាងសម្អាតសម្ភារៈទាំងនោះជាមួយទឹកស្អាត និងសាប៊ូ ឱ្យបានស្អាតល្អបន្ទាប់ពីប្រើរួច។ បោកគក់សំលៀកបំពាក់ឱ្យបានស្អាត និងហាលថ្ងៃឱ្យបានល្អ
ទី៥-លាងដៃជាមួយសាប៊ូ និងទឹកស្អាតឱ្យបានញឹកញាប់
– លាងសម្អាតដៃ ដោយប្រើសាប៊ូ និងទឹកស្អាត ឬប្រើអាល់កុល ឬជែលលាងដៃឱ្យបានញឹកញាប់ មុន និងក្រោយពេលចម្អិតអាហារ មុននិងក្រោយបរិភោគអាហារ និងក្រោយពេលប្រើបង្គន់
ទី៦-ខ្ទប់មាត់ ច្រមុះ នៅពេលក្អក ឬកណ្តាស់
– ខ្ទប់មាត់ ច្រមុះខ្លួនឯង ដោយម៉ាស់ ក្រម៉ា កន្សែង ក្រដាសអនាម័យ ឬខ្ទប់នឹងកែងដៃ នៅពេលក្អក ឬកណ្តាស រួចត្រូវចោលក្រដាសនោះទៅក្នុងធុងសំរាម ហើយលាងសម្អាតដៃភ្លាមៗ។
ទី៧-បរិភោគម្ហូបអាហារដែលចម្អិតបានល្អ
– ម្ហូបអាហារត្រូវចម្អិតឱ្យបានល្អ។ បរិភោគអាហារមានជាតិត្រី សាច់ បន្លែ ផ្លែឈើ បន្ថយជាតិខ្លាញ់ ជាតិប្រៃ និងជាតិផ្អែម ដើម្បីជួយពង្រឹងប្រព័ន្ធការពារសារពាង្គកាយ។
ទី៨-អនាម័យល្អក្នុងកន្លែងរស់នៅ និងរក្សាអារម្មណ៍នឹងនរ
– ធ្វើកិច្ចការផ្សេងៗជាធម្មតា ហាត់ប្រាណក្នុងផ្ទះ
– សម្អាតបន្ទប់រស់នៅផ្ទះខ្លួន បន្ទប់ទឹក ព្រមទាំងសម្ភារៈប្រើប្រាស់ផ្សេងៗជារៀងរាល់ថ្ងៃ។
ទី៩-បញ្ចប់ការអនុវត្តចត្តាឡីស័ក
– អនុញ្ញាតឱ្យបញ្ចប់ការធ្វើចត្តាឡីស័ក ប្រសិនអ្នកបានអនុវត្តត្រឹមត្រូវ តាមវិធានការចត្តាឡីស័កដោយនៅផ្ទះរាល់ពេលគ្រប់កាលកំណត់១៤ថ្ងៃ ហើយគ្មានចេញរោគសញ្ញាជំងឺ និងត្រូវបានបញ្ជាក់ដោយលទ្ធផលតេស្តកូវីដ១៩ «អវិជ្ជមាន» ដោយមន្ទីរពិសោធន៍ នៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក។
ទី១០-ទំនាក់ទំនងក្នុងករណីចាំបាច់ និងបន្ទាន់
– បើអ្នកត្រូវការពិគ្រោះយោបល់ ឬជំនួយវេជ្ជសាស្រ្ត សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ១១៥ របស់ក្រសួងសុខាភិបាល ដោយមិនគិតថ្លៃសេវា។
សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសផ្លូវការ ពីបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា ដោយបញ្ជាក់ពីលទ្ធផលអ្នកជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ ៣វិច្ឆិកា ចំនួន១១៤០នាក់ «អវិជ្ជមានកូវីដ១៩» ខណៈរកឃើញភាពវិជ្ជមានតែ៣នាក់លើតំណាងរាស្ត្រ និងមន្ត្រី។
អ្នកវិជ្ជមានវីរុសកូវីដ១៩ មានចំនួន៣នាក់ គឺលោក សួស យ៉ារ៉ា, លោក សរ ចិត្រា និងឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print