កណ្ដាលៈ ស្រ្ដីវ័យ៦៩ឆ្នាំម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងររហូតស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្ទាប់ពីស្រ្ដីរងគ្រោះរូបនេះឡើងបេះផ្លែជម្ពូ ហើយបានបាក់មែកធ្លាក់មកលើដីដែលមានកម្ពស់ប្រមាណ៥ម៉ែត្រ ។
ករណីនេះបានកើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ ត្រង់ចំណុចក្បែរផ្ទះស្រ្ដីរងគ្រោះស្ថិតក្នុងភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ស្រ្ដីរងគ្រោះឈ្មោះ យឹម សេង អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។ នៅមុនពេលកើតហេតុស្រ្ដីរងគ្រោះរូបនេះបានឡើងតាមរានហាលខាងមុខផ្ទះរបស់ខ្លួន ដើរឆ្លងទៅលើដើមជម្ពូតាមរយៈមែកទំហំប៉ុនកំភួនដៃ ។ ពេលទៅដល់លើដើមជម្ពូស្រ្ដីរងគ្រោះបានព្យាយាមឈរលើមែកដ៏តូចមួយដែលមានកម្ពស់ពីដីប្រមាណ៥ម៉ែត្រឈោងបេះផ្លែជម្ពូដាក់ទៅក្នុងថង់ ។
ប្រភពដដែលបន្ដថា ពេលកំពុងឈរស្រាប់តែមែកជម្ពូបានបាក់បណ្ដាលឲ្យស្រ្ដីរងគ្រោះធ្លាក់ទៅលើដីសន្លប់ស្ដូកស្ដឹងនៅកន្លែងកើតហេតុ ។ ភ្លាមៗនោះប្រជាពលរដ្ឋជិតខាងបានលើកស្រ្ដីរងគ្រោះដាក់លើគ្រែហៅរថយន្ដសាមុយដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ តែជាអកុសលពេលទៅដល់ស្រ្ដីរងគ្រោះបានស្លាប់បាត់បង់ជីវិត ។ បច្ចុប្បន្នសាកសពស្រ្ដីរងគ្រោះត្រូវបានក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ស្អាងជ័យ