ភ្នំពេញ៖ ក្រោយពីសហព័ន្ធកីឡាប្រដាល់កម្ពុជា បានចុះអនុស្សរណយោគយល់គ្នាជាមួយអង្គការអារុណរះ ដោយបានឯកភាពគ្នា កសាងមជ្ឈមណ្ឌលសម្រាប់ហ្វឹកហាត់កីឡាប្រដាល់ សម្រាប់យុវជនថ្នាល់បន្តវេន ឆ្ពោះទៅឆ្នាំ២០២៣ ភាគីទាំង២ក៏បានឈានដល់ការអនុវត្តន៍កិច្ចការងា របស់ ដោយចាប់បញ្ចុះបឋមសិលានាព្រឹកថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០១៦លើផ្ទៃដីទំហ៊ំ៣៥ម៉ែត្រ គុណ ៥០ម៉ែត្រក្នុងបរិវេណមជ្ឈមណ្ឌអង្គការអារុណរះ។
អ្នកកស្រី Geraldine Cox ប្រធានអង្គការអារុណរះមានប្រសាសន៍ថាមជ្ឈមណ្ឌលនេះសាងសង់ឡើង មិនមែនសម្រាប់តែកុមារនៅក្នុងមណ្ឌលអារុណរះ និង កុមារដែលរស់នៅក្បែរមណ្ឌលនេះប៉ុណ្ណោះទេប៉ុន្តែវាជាមជ្ឈមណ្ឌមួយដើរតួនាទីក្នុងការបណ្ដុះបណ្ដាលអ្នកប្រដាល់វ័យក្មេងសម្រាប់ត្រៀម SEA Games លើកទី៣២ឆ្នាំ២០២៣ក្នុងខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ព្រមទាំងជាមជ្ឈមណ្ឌលមួយសម្រាប់ជួយព្យាបាលជម្ងឺផ្លូវអារម្មណ៍ដល់កុមារដែល ត្រូវគេបោះបង់ចោលផងដែរ ។
លោកតែម ម៉ឺនប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជាមានប្រសាសន៍ថា ខ្ញុំសង្ឃឹមនិងជឿជាក់ថាមជ្ឈមណ្ឌលហ្វឹកហ្វឹនកីឡាប្រដាល់មនុស្សជំនាន់ថ្មីនេះ អាចជួយដល់កុមារដែលចង់ចាប់យកអាជីពប្រដាល់បានដោយពិតប្រាកដ ។ ពីព្រោះទីមានគ្រូបង្វឹកល្អៗអ្នកអប់រំដែលមានសមត្ថភាពខ្ពស់ដើម្បីជួយកុមារឲ្យក្លាយជាអ្នកប្រដាល់ និង ជម្រុញពួកគេតាមរយៈសកម្មភាពកីឡាប្រដាល់ឲ្យជោគជ័យ ។
លោកបានបន្តទៀតថា មជ្ឈមណ្ឌលនេះសហព័ន្ធបានគ្រោងចំណាយថវិកាប្រមាណ៥០.០០០ដុល្លារដើម្បីកសាងប្រកបដោយស្តងដានិងគុណភាពខ្ពស់ ព្រមទាំងបានរៀបចចំបំពាក់ឧបករណ៍បច្ចែកទេសគ្រប់គ្រាន់។
លោកស៊ាន បូរ៉ាតរដ្ឋលេខាធិការក្រសួងអប់រំយុវជន និង កីឡាមានប្រសាសន៍លើកឡើងថា ដំណើរការសាងសង “មជ្ឈមណ្ឌលហ្វឹកហាត់កីឡាប្រដាល់យុវជនជំនាន់ថ្មី” គឺជាសញ្ញានៃការចេញដំណើរទៅមុខរបស់សហព័ន្ធកីឡាប្រដាល់កម្ពុជាក្នុងការកសាងអ្នកប្រដាល់វ័យក្មេងដែលជាថ្នាលសម្រាប់បន្តវេន និង ត្រៀមខ្លួនលក្ខណៈសម្រាប់ចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ៕
ដោយ៖ សារីម