អន្តរជាតិ៖ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលវៀតណាម បានឱ្យដឹងថា គិតមកទល់ពេលនេះ ប្រទេសរបស់ខ្លួន ពុំមានករណីក្នុងសហគមន៍រយៈពេល ៧០ថ្ងៃ មកហើយ ។ប៉ុន្តែនៅថ្ងៃពុធទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរវៀតណាម បានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន ២៦នាក់ ដែលពួកគេសុទ្ធតែជាជនជាតិវៀតណាម ធ្វើមាតុភូមិនិវត្តន៍ពីរ៉ូម៉ានី និងសហរដ្ឋអាមេរិក។
អាជ្ញាធរវៀតណាម បន្តថា ចំនួនករណីនាំចូលកាលពីម្សិលមិញនេះ គឺមានច្រើនគួរឱ្យកត់សម្គាល់ចាប់តាំងពីខែសីហាកន្លងទៅ ។ ក្រោយពីរកឃើញជាក់ស្តែង ពួកគេត្រូវបានដាក់ដោយឡែកភ្លាមៗនៅពេលមកដល់មាតុភូមិវិញ នៅមុនពេលដែលពួកគេត្រូវបានគេរកឃើញថាមានជំងឺ COVID-19 ។ ចំពោះករណីថ្មីៗនេះនាំឱ្យចំនួនករណីជំងឺ COVID-19 នៅវៀតណាម បានឈានដល់ ១,២៥២ ករណី ខណៈចំនួនអ្នកស្លាប់គឺមាន ៣៨នាក់ ដដែល។
សូមជម្រាបថា កាលថ្ងៃទី២២ ខែមីនាកន្លងទៅ ប្រទេសមួយនេះបានចាប់ផ្តើមផ្អាកការចូលពីបរទេស ប៉ុន្តែរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកជំនាញបរទេស កម្មករជំនាញ អ្នកវិនិយោគ និងអ្នកការទូតនានា ចូលមកប្រទេសនេះដោយផ្អែកតាមករណីជាក់ស្តែង ដោយត្រូវដាក់នៅដោយឡែកជាមុន។
គួរបញ្ជាក់ថា បើទោះបីជើងហោះហើរពាណិជ្ជកម្មអន្តរជាតិឥឡូវត្រូវបានផ្អាកក៏ដោយ ក៏ផែនការដឹកជញ្ជូនមកកាន់ប្រទេសត្រូវបានរៀបចំដើម្បីនាំយកអ្នកជំនាញ កម្មករជំនាញ អ្នកការទូត អ្នកធ្វើមាតុភូមិនិវត្តន៍ដែលជាប់គាំងនៅបរទេស និងអ្នកផ្សេងៗទៀត មកកាន់ប្រទេសវិញតាមការកំណត់របស់រដ្ឋាភិបាល៕ដោយ៖ស តារា