ភ្នំពេញ៖ បើយោងតាមអង្គភាព នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា៖ កាលពីម្សិលមិញនេះក្រុមហ៊ុន Google បានដាក់ឱ្យប្រើប្រាស់កម្មវិធី Chrome version 86.0.4240.198 ដើម្បីធ្វើការកែសម្រួលទាក់ទងនឹងភាពចន្លោះប្រហោង zero-days ចំនួន២បន្ថែមទៀត ដែលនេះជាការធ្វើបច្ចុប្បន្នភាពលើកទី២ ក្នុងរយៈពេលបីសប្តាហ៍ចុងក្រោយនេះទាក់ទងនឹងបញ្ហាស្រដៀងគ្នានេះ។
ភាពចន្លោះប្រហោងថ្មីទាំងពីរនេះ ត្រូវបានរាយការណ៍ដោយជនអនាមិកកាលពីថ្ងៃចន្ទនិងថ្ងៃពុធដើមសប្តាហ៍នេះ ប៉ុន្តែគេពុំបានដឹងទេថាតើ ភាពចន្លោះប្រហោងទាំងពីរត្រូវបានប្រើរួមគ្នា ឬប្រើដាច់ពីគ្នាក្នុងការវាយប្រហារនោះទេ។ ម្យ៉ាងវិញទៀតក្រុមហ៊ុន Google ក៏មិនបានបង្ហាញព័ត៌មានលម្អិតពីការប៉ះពាល់ទាក់ទងនឹងការវាយប្រហារនេះនៅឡើយដែរ។
ទោះបីជាការវាយប្រហារតាមរយៈ zero-days មានគោលដៅច្បាស់លាស់ និងភាគច្រើនមិនមានការប៉ះពាល់ដល់អ្នកប្រើប្រាស់ទូទៅក៏ដោយក្ដី តែទោះជាយ៉ាងណា នាយកដ្ឋាននៅតែសំណូមពរឱ្យលោកអ្នកដែលប្រើកម្មវិធី Chrome គួរតែធ្វើបច្ចុប្បន្នភាពកម្មវិធីនេះដើម្បីចៀសវាងពីការវាយប្រហារផ្សេងៗ៕
ដោយ៖ សិលា