លោក ចូបៃឌិន ដែលទើបតែជាប់ឆ្នោតប្រធានាធិបតីអាមេរិក បានអំពាវនាវដល់ប្រធានាធិបតីបច្ចុប្បន្នលោកដូណាល់ ត្រាំត្រូវតែមានវិធានការជាបន្ទាន់ដើម្បី ទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ យ៉ាងមានប្រសិទ្ធភាពបំផុត។
កាលពីថ្ងៃទី១៣ខែវិច្ឆិកាលោកបៃឌិនបានជួបជាមួយក្រុមការងារប្រឆាំងកូវីដ១៩ ហើយបញ្ជាក់ថាតាមអ្វីដែលទទួលបាន រដ្ឋាភិបាលបច្ចុប្បន្ន ត្រូវតែមានសកម្មភាពជាបន្ទាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ នៅអាមេរិក។ លោកបៃឌិនអំពាវនាវឲ្យពលរដ្ឋអាមេរិក ពាក់ម៉ាស់ការពារ រក្សាគម្លាត និងលាងដៃឲ្យបានច្រើន…។
លោកបៃឌិនបន្តទៀតថា«កូវីដ១៩ ឆ្លងយ៉ាងខ្លាំង ហើយរដ្ឋាភិបាលបច្ចុប្បន្ន មិនមានសកម្មភាពទប់ស្កាត់បន្ទាន់នោះឡើយ ។ នៅថ្ងៃនេះយើងសូម អំពាវនាវដល់ពលរដ្ឋអាមេរិក ទាំងអស់ មិនថារស់នៅទីណានោះឡើយ គាំទ្រគណបក្សណាឡើយគឺត្រូវតែអនុវត្ត ទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ឲ្យបានល្អបំផុត ក្នុងនោះមាន ពាក់ម៉ាស់ លាងដៃ និងគម្លាតសង្គម»។
ការអំពាវនាវរបស់លោកបៃឌិនកើតឡើងក្នុងពេលដែលការឆ្លងកូវីដ១៩ នៅអាមេរិក កើតឡើងខ្ពស់បំផុត។ មកដល់ថ្ងៃទី១៤ខែវិច្ឆិកា (ម៉ោងកម្ពុជា)អាមេរិកមានករណីឆ្លងកូវីដ១៩ កើនឡើងជាង១១លាននាក់ហើយ និងស្លាប់ កើនឡើង ២៤៩.៩៧៥នាក់។
ក្នុងរយៈពេល២៤ម៉ោងកន្លងមក អត្រាឆ្លង COVID-19 ប្រចាំថ្ងៃនៅទូទាំងសហរដ្ឋអាមេរិក មានដល់ទៅ ១៨៣.៥២៧នាក់ និងស្លាប់ ១៣៩៥នាក់ នៅក្នុងរយៈពេលដូចគ្នា៕