ភ្នំពេញ៖ កម្ពុជាផ្តល់ម៉ាស២លានដល់មិត្តឡាវ ។ នេះបើតាមរយៈសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនចំពោះនាយករដ្ឋមន្រ្តីឡាវ។
ក្នុងនោះសម្តេចបានថ្លែងថា៖ តាងនាមនៃរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមធ្វើការបរិច្ចាគនូវម៉ាសចំនួន២លាន និងសម្ភារៈវិជ្ជសាស្រ្តមួយចំនួនទៀត ដូចមានក្នុងបញ្ជីរាយនាម ជូនដល់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
សម្តេចបន្តថា៖ ទន្ទឹមនេះ ខ្ញុំក៏សូមចាត់តាំងលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ដើម្បីនាំយកអំណោយខាងលើទៅទីក្រុងវៀងច័ន្ទ នាព្រឹកថ្ងៃច័ន្ទសប្តាហ៍ក្រោយ តាមជើងយន្តហោះពិសេស។
សម្តេចមានប្រសាសន៍ថា៖ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តម នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយយើងនឹងងើបឡើងវិញយ៉ាងរឹងមាំជាមួយគ្នា៕
ដោយ៖ សុខ ខេមរា