ទីបំផុត! បុរសខ្លាំងហ្វីលីពីន លើកលែងទោសមេប៉ូលីសជាតិហ្វីលីពីនទើបតែងតាំងថ្មី ពាក់ព័ន្ធរឿងលោកធ្វើខួបកំណើតអំឡុងពេលបិទប្រទេស

ចែករំលែក៖

អន្តរជាតិ៖ លោក រ៉ូឌ្រីហ្កោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន បានប្រកាសលើកលែងទោសមេប៉ូលីសជាតិហ្វីលីពីន ដែលទើបតែងតាំងថ្មី ពាក់ព័ន្ធរឿងលោកធ្វើខួបកំណើតអំឡុងពេលបិទប្រទេសកាលពីខែឧសភាកន្លងទៅ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩។ មិនតែប៉ុណ្ណោះ មិនត្រឹមតែរួចទោសនោះទេ បុរសខ្លាំងហ្វីលីពីនរូបនេះ ក៏លើកសរសើរគុណសម្បត្តិមេប៉ូលីសនេះទៀតផង។

ជាក់ស្តែងនៅថ្ងៃទី ១៤ ខែវិច្ឆិកាថ្មីៗនេះ លោក ឌូទើតេ បានថ្លែងក្នុងសុន្ទរកថាថ្នាក់ជាតិមួយ ដោយបានការពារលោក Debold Sinas ដែលទើបដំឡើងតំណែងថ្មីថ្មោងពីស្នងការប៉ូលីសប្រចាំរដ្ឋធានីម៉ានីល ឲ្យក្លាយជាអគ្គស្នងការប៉ូលីសជាតិ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ។

ជាមួយគ្នានេះ លោក ឌូទើតេ ថែមទាំងបានលើកសរសើរពីគុណសម្បត្តិរបស់មេប៉ូលិសជាតិថ្មីនេះ ទោះបីជាមានការផ្ទុះកំហឹងលើបណ្ដាញសង្គមហ្វីលីពីនលើអភ័យឯកសិទ្ធិពិសេសដែលបុគ្គលរូបនេះទទួលបាន។ កាលធ្វើជាស្នងការប៉ូលីសក្រុងម៉ានីល លោក Sinas បានដឹកនាំប្រតិបត្តិការប្រឆាំងគ្រឿងញៀនរបស់លោក ឌូទើតេ ដែលធ្វើឲ្យមនុស្សរាប់ពាន់នាកបាត់បង់ជីវិត។

បើតាមទីភ្នាក់ងារព័ត៌មាន Reuters ដកស្រង់ប្រសាសន៍លោកប្រធានាធិបតី ឌូទើតេ បាននិយាយយ៉ាងដូច្នេះថា៖«ប្រសិនបើលោក [Sinas] បានប្រព្រឹត្តបទល្មើសណាមួយនោះ លោកត្រូវបានប្រកាសលើកលែងទោសរួចរាល់ហើយ» ប្រធានាធិបតីរូបនេះ បន្ថែមថា លោកអត់ទោសកំហុសឡើយនៅពេលគេធ្វើខួបដោយមិនឲ្យលោកដឹងមុននោះ។

សូមជម្រាបថា មេប៉ូលីសជាតិហ្វីលីពីនទើបតែងតាំងថ្មីខាងលើ ត្រូវបានស្ថិតក្រោមការស៊ើបអង្កេតដោយក្រសួងយុត្តិធម៌ទាក់ទិនរឿងធ្វើខួបកំណើតលោកជាមួយមន្ត្រីប៉ូលីសផ្សេងទៀតកាលពីខែឧសភា ទោះជាហ្វីលីពីនកំពុងអនុវត្តចំណាត់ការបិទប្រទេសទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ហើយក៏ចំពេលដែលប៉ូលីសបានចាប់ខ្លួនមនុស្សរាប់ពាន់នាក់ដែលល្មើសវិធានការចត្តាឡីស័កផងដែរ។ ក្រោយមកលោក Sinas បានចេញមុខសុំទោសសាធារណជនសម្រាប់ការធ្វើឲ្យពួកគេភិតភ័យ ដោយសារការធ្វើខួបកំណើតរបស់លោកជាមួយក្រុមការងារ។

គួរបញ្ជាក់ថា ម្យ៉ាងវិញទៀត ចំពោះការតែងតាំងលោក Sinas ទៅដឹកនាំកងកម្លាំងប៉ូលីស ២០ម៉ឺននាក់របស់ហ្វីលីពីន រងការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមសិទ្ធិមនុស្ស ដោយសារតែប្រវត្តិដឹកនាំសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់លោក ដែលធ្វើឲ្យជនសង្ស័យគ្រឿងញៀនរាប់ពាន់នាក់ត្រូវបានបាញ់សម្លាប់អំឡុងប្រតិបត្តិការនេះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print