នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លីសៀងឡុងបានអំពាវនាវឲ្យអាមេរិកនិងចិនផ្សះផ្សាទំនាក់ទំនងឱ្យកាន់តែប្រសើរ ក្រោមរដ្ឋកាលដឹកនាំរបស់ប្រធានាធិបតីថ្មី លោកចូ បៃឌិន ជាបុគ្គលមានទស្សនៈនយោបាយផ្សះផ្សា ស្ថាបនា។
លោកលី សៀងឡុងបានបញ្ជាក់ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញព័ត៌មាន Bloomberg ថា « ប្រទេសទាំងពីរនឹងមានទំនាក់ទំនងល្អប្រសើរ ហើយអភិវឌ្ឍន៍វិស័យដែលមានផលប្រយោជន៍រួម និងកាត់បន្ថយចំណុចមិនចុះសម្រុងនិឹងគ្នា ដូចជាវិស័យពាណិជ្ជកម្ម សន្តិសុខ បម្រែបម្រួលអាកាសធាតុ ព្រមទាំងបញ្ហាមិនរីកសាយភាយអាវុធបរមាណូរបស់ កូរ៉េខាងជើងផងដែរ។
លោក លី សៀងឡុង បានឲ្យដឹងថា« យើងចង់ធ្វើការជាមួយអាមេរិក ក៏ដូចជាប្រទេសដែលមានវិស័យសេដ្ឋកិច្ចសកម្ម ដូចជាប្រទេសចិន។ ទាំងអាមេរិកនិងចិន គឺមិនមានប្រទេសណាមួយចង់បោះបង់មហាអំណាចសេដ្ឋកិច្ចឡើយ»។
ជាប្រទេសតូចអាស្រ័យទៅលើវិស័យពាណិជ្ជកម្ម សិង្ហបុរីគាំទ្រអាមេរិកបង្ហាញវត្តមាននៅក្នុងតំបន់អាស៊ី ដោយអនុញ្ញាតឲ្យអាមេរិកប្រើប្រាស់ទីតាំងទាហាននៅក្នុងប្រទេសនេះ។
លោក លី បានបញ្ជាក់ថា បើទោះបីទីក្រុងប៉េកាំង មិនចង់ប៉ះទង្គិចគ្នា ជាមួយអាមេរិកក្នុងវិស័យពាណិជ្ជកម្មក្តី ក៏ជាមួយគ្នានោះដែរការដំឡើងពន្ធរបស់លោកត្រាំ នឹងបង្កផលលំបាកដល់រដ្ឋាភិបាលថ្មីរបស់អាមេរិក ពិបាកក្នុងការលុបចោលវិញ៕