Breaking News ៖ ករណីនាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ប្រើកាំបិតចាក់ក ព្រះរាជអាជ្ញារង ចង់យកឈាមដាក់ស្រាផឹក ត្រូវរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ផ្ទេរសមត្ថកិច្ចទៅអយ្យការខេត្តសៀមរាប

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៍ លោក កើត រិទ្ធ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានជម្រាបមកព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ អំពីការផ្ទេរសមត្ថកិច្ចលើសំណុំរឿងព្រហ្មទណ្ឌលេខ៨៨៧ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប។
យោងតាមមាត្រា ១៩ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ។ សំណុំរឿងព្រហ្មទណ្ឌលេខ៨៨៧ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ របស់អយ្យការអមសាលាដំបូងខេត្ត កំពង់ធំ។
លោករដ្ឋមន្ត្រីបានលើកឡើងថា៖ ខ្ញុំសូម លោកព្រះរាជអាជ្ញា ជ្រាបថា អយ្យការអមសាលាដំបូងខេត្ត កំពង់ធំបានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌលេខ៨៨៧ ចុះថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលមានជនសង្ស័យ ឈ្មោះ ម៉ៅ ប៊ុនធូ បច្ចុប្បន្នជានាយកទីចាត់ការអន្តរវិស័យនៃសាលាខេត្តកំពង់ធំ និងមានជងរងគ្រោះឈ្មោះ សាយ វាសនា ជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ។

ដើម្បីធានាប្រយោជន៍សាធារណៈ និងដំណើរការល្អនៃយុត្តិធម៌តុលាការ និងដោយអនុវត្តតាមមាត្រា ១៩ នៃច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ក្រសួងយុត្តិធម៌សម្រេចផ្ទេរសមត្ថកិច្ចក្នុងការចាត់ការរឿងក្តីខាងលើ ពី អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប។ អាស្រ័យហេតុនេះ សូម លោកព្រះរាជអាជ្ញា ពិនិត្យចាត់ចែងផ្ទេរសមត្ថកិច្ចចាត់ការសំណុំរឿងខាងលើទៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ដោយអនុវត្តតាមនីតិវិធីជាធរមាន និងដោយចាត់ទុកជាការប្រញាប់។
សូមបញ្ជាក់ថា៖ សមត្ថកិច្ច ឃាត់ខ្លួននាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ដែលយកកាំបិតចាក់បំពង់.ក លើព្រះរាជអាជ្ញារង។ នេះបើតាមការបញ្ជាក់អោយដឹងពីលោក សុិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ឱ្យអង្គភាព«នគរដ្រេហ្គន» បានដឹងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។
លោកថា៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ បានឃាត់ខ្លួនលោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម ដោយយកកាំបិតចាក់បំពង់.ក មកលើលោក សាយ វាសនា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងជាង៩យប់ នៅភោជនីយដ្ឋានជ្រោះពេជចិន្តា បន្ទប់ «កែប» លោក សាយ វាសនា ព្រះរាជអាជ្ញារង រួមជាមួយលោក ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ , លោក ឃុន ប៊ុនហូ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ , លោក ព្រហ្ម វាសនា អនុប្រធានមន្ទីរស្រាវជ្រាវព័ត៌មានសន្តិសុខកងរាជអាវុហត្ថខេត្តកំពង់ធំ , ឈ្មោះ លី យ៉ាស៊ីន និង ឈ្មោះ ព្រាម ហាក់ បាននិងកំពុងហូបចុកអាហារសាមគ្គីជុំគ្នា លក្ខណៈសាមគ្គី។
ពេលនោះលោក ម៉ៅ ប៊ុនធូ នាយកទីចាត់ការអន្តរវិស័យសាលាខេត្តកំពង់ធំ ក៏បាននិងកំពុងហូបចុកនៅបន្ទប់ជាប់គ្នាផ្នែកខាងកើតក្នុងភោជនីយដ្ឋានជ្រោះពេជ្រចិន្តា ដែរ ។ ក្រោយមក លោក ម៉ៅ ប៊ុនធូ បានដើរមកបន្ទប់ «កែប» ហើយក៏រុញទ្វារចូល តែដោយឃើញលោក សាយ វាសនា មានវត្តមានក្នុងបន្ទប់នោះ លោក ម៉ៅ ប៊ុនធូ បានធ្វើសកម្មភាពទាញរុញៗទ្វារលិបលៗ ក្នុងចេតនាគ្រោងទុកជាមុនប្រព្រឹត្តអំពើអ្វីមួយ។

មួយសន្ទុះ ប្រហែល៣នាទីក្រោយមក ទើបលោក ម៉ៅ ប៊ុនធូ ចូលក្នុងបន្ទប់ «កែប» នេះ ហើយដើរទៅខ្សឹបប្រាប់លោក ហង្ស ថុល និង លោក ឃុន ប៊ុនហូ ថា អោយទៅជល់កែវជាមួយ លោក សុខ លូ អភិបាលខេត្តកំពង់ធំ ដែលបាននិងកំពុងហូបចុកនៅបន្ទប់ខាងកើតជាប់គ្នានោះ ។

ក្រោយមកនៅវេលាម៉ោងប្រមាណ២១៖១៣នាទី លោក ម៉ៅ ប៊ុនធូ បានប្រើដោយប្រដាប់ដោយកាំបិតចុងស្រួច ដែកពណ៌ស ប្រវែងប្រហែល៤តឹក លាក់ទុកក្នុងដៃ បានដើរចូលក្នុងបន្ទប់ «កែប» នោះ ហើយ លោក ម៉ៅ ប៊ុនធូ បានហុចដៃឆ្វេង សុំលោក សាយ វាសនា ចាប់ដៃ ពេលនោះ លោក សាយ វាសនា ក៏បានយកដៃស្តាំរបស់ខ្លួនចាប់ដៃជាមួយលោក ម៉ៅ ប៊ុនធូ ដោយចាប់ដៃគ្នាយ៉ាងណែនល្អ ។

បន្ទាប់មក លោក ម៉ៅ ប៊ុនធូ បានដើរសសៀរ មកកៀកនឹងលោក សាយ វាសនា ហើយទាញកាំបិតចាក់បំពង់.ក លោក សាយ វាសនា ពេលនោះលោក សាយ វាសនា បានចាប់ជ្រោងដៃជនល្មើស ហើយនិយាយថា ម៉េចធ្វើអ៊ីចឹង ម៉េចយកកាំបិតមកចាក់សម្លាប់ខ្ញុំ ..! ។
ជនល្មើស បាននិយាយថា ចាក់សម្លាប់ព្រះរាជអាជ្ញារងយកឈាមលាយស្រាផឹក ។ ក្នុងសភាពពេលនោះ លោក ហង្ស ថុល ស្រែកអោយជនល្មើសទម្លាក់កាំបិតចោលតែជនល្មើសមិនព្រមទម្លាក់កាំបិត ហើយនៅតែប្រឹងយកកាំបិតបុកសំដៅបំពង់កជនរងគ្រោះ ។ ក្រោយមកក៏មានសម្លេងឆោឡោខ្លាំង ទើបមានមនុស្សចំនួន៥ទៅ៦នាក់ បានចូលមកចាប់ដណ្តើមកាំបិតពីជនល្មើស ហើយក៏មានមនុស្សម្នាជាច្រើនផ្អើលឈុលចេញមកមើល ដោយក្នុងនោះ មានលោក សុខ លូ អភិបាលខេត្តកំពង់ធំ , លោក ប៉ែនវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្ម និង លោក ទូច សុខា អភិបាលស្រុកសន្ទុក ជាដើមផង។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច​ បានអោយដឹងទៀតថា សាក្សីនៅក្នុងហេតុការណ៍ផ្ទាល់ ពេលជនល្មើសធ្វើសកម្មភាពចាក់បំពង់កជនរងគ្រោះ គឺ មានលោក ហង្ស ថុល , លោក ព្រហ្ម វាសនា , លោក លី យ៉ាស៊ីន , លោក ព្រាម ហាក់ និង បុគ្គលិកលើកម្ហូបស្រាស្រីៗ ចំនួន៣នាក់ទៀត នៅក្នុងបន្ទប់ «កែប»។

ជនល្មើសបន្ទាប់ពីធ្វើសកម្មភាពមិនបានសម្រេច គេធ្វើអាកប្បកិរិយាស្រវឹង ធ្វើដូចមិនដឹងរឿងអីអ៊ីចឹង ។ ជនល្មើសនេះ បានចងគំនុំនឹងលោក សាយ វាសនា ដោយហេតុថា លោក សាយ វាសនា បានទទួលបន្ទុក ក្នុងសំណុំរឿងដែលជនល្មើសបានដឹកនាំកម្លាំងចុះទៅចាប់គ្រឿងចក្ររបស់ឈ្មោះ ជុត ថាន។ ដោយពេលនោះ ជនល្មើសស្នើសុំអោយលោក សាយ វាសនា កុំចាត់ការ តែលោក សាយ វាសនា បានអនុវត្តនីតិវិធីច្បាប់ ដោយហេតុថា ឈ្មោះ ជុត ថាន មិនព្រមចរចា ហើយជនល្មើសគុំគួនតាំងពីពេលនោះមករហូត ។

ដោយឡែកបញ្ហានេះ លោក ស៊ិន វីរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ក៏បានចុះទៅកន្លែងកើតហេតុភ្លាមៗ ហើយបញ្ជាអោយកម្លាំងអាវុធហត្ថឃាត់ខ្លួនជនល្មើសក្នុងបទល្មើសជាក់ស្តែង មកបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងបន្ត តាមនីតិវិធី។
ក្នុងបទល្មើសនេះមានសាក្សីច្រើន និយាយរួមគឺថ្នាក់ដឹកក្នុងខេត្ត ដល់ចៅហ្វាយខេត្ត មេៗសមត្ថកិច្ច ជាពិសេសក្នុងសម័យការពារជំងឺកូវីដ១៩ មិនគួរណាអ្នកធំ សមត្ថកិច្ច តុលាការ នាំគ្នាទៅទទួលទានអាហារ សប្បាយ ខណៈក្រសួងសុខាភិបាល អោយមានគម្លាតពីគ្នានោះឡើយ។
លោក សុិន វីរៈ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានបន្តថា៖ សមត្ថកិច្ចកំពុងធ្វើកិច្ចការនេះតាមនីតិវិធី៕

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print